20. លុះពួកគេចូលក្នុងក្រុងសាម៉ារីហើយ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាប្រោសឲ្យភ្នែករបស់អ្នកទាំងនេះភ្លឺផង!»។ ព្រះអម្ចាស់ធ្វើឲ្យភ្នែករបស់ពួកគេភ្លឺ ហើយពួកគេឃើញថា ខ្លួនកំពុងស្ថិតនៅកណ្ដាលក្រុងសាម៉ារី។
21. ពេលស្ដេចស្រុកអ៊ីស្រាអែលទតឃើញទាហានស៊ីរី ស្ដេចមានរាជឱង្ការសួរលោកអេលីសេថា៖ «លោកឪពុក! តើយើងត្រូវប្រហារជីវិតពួកគេឬ?»។
22. លោកទូលស្ដេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើព្រះករុណាគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវ ឬដោយព្រួញ? សូមព្រះករុណាប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបម្ចាស់របស់ខ្លួនវិញចុះ»។
23. ស្ដេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្ដេចឲ្យពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមក ទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។
24. លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។
25. ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្ដែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
26. ថ្ងៃមួយ ស្ដេចស្រុកអ៊ីស្រាអែលកំពុងយាងនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! សូមជួយខ្ញុំម្ចាស់ផង!»។
27. ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើព្រះអម្ចាស់មិនជួយនាងទេនោះ ធ្វើម្ដេចឲ្យយើងជួយនាងបាន? ស្រូវ យើងក៏គ្មាន ស្រាទំពាំងបាយជូរ ក៏គ្មានដែរ»។
28. ស្ដេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។
29. យើងទាំងពីរក៏យកកូនរបស់ខ្ញុំម្ចាស់ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំម្ចាស់ប្រាប់នាងនោះថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ” ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។
30. កាលស្ដេចឮពាក្យរបស់ស្ត្រីនោះ ទ្រង់ក៏ហែកព្រះភូសា។ ពេលនោះ ស្ដេចកំពុងតែយាងនៅលើកំពែងក្រុង ដូច្នេះ ប្រជាជនឃើញព្រះរាជាស្លៀកបាវ។
31. ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថថា ថ្ងៃនេះ ប្រសិនបើយើងមិនកាត់កអេលីសេ ជាកូនរបស់លោកសាផាតទេនោះសូមព្រះជាម្ចាស់ដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។
32. ពេលនោះ លោកអេលីសេកំពុងអង្គុយជុំគ្នាជាមួយអស់លោកព្រឹទ្ធាចារ្យ នៅក្នុងផ្ទះរបស់លោក។ ស្ដេចចាត់មនុស្សម្នាក់ឲ្យទៅសម្លាប់លោកអេលីសេ ប៉ុន្តែ មុនពេលអ្នកនោះទៅដល់ លោកអេលីសេមានប្រសាសន៍ទៅកាន់អស់លោកព្រឹទ្ធាចារ្យថា៖ «សូមអស់លោកមើលចុះ ឃាតកនោះចាត់មនុស្សឲ្យមកកាត់កខ្ញុំហើយ។ សូមប្រយ័ត្ន! កាលណារាជបម្រើមកដល់ ត្រូវបិទទ្វារឲ្យជិត កុំឲ្យគេចូល។ ប៉ុន្តែ សូរសំរិបជើងរបស់ម្ចាស់គេ ក៏មកដល់តាមក្រោយហើយដែរ»។