គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 6:15-27 Khmer Standard Version (KHSV)

15. លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់​បាន​ភ្ញាក់​ពី​ព្រលឹម ចេញ​មក​ក្រៅ ឃើញ​មាន​ពល​ទាហាន មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​ឡោម‌ព័ទ្ធ​ទីក្រុង។ អ្នក​បម្រើ​នោះ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «លោក​ម្ចាស់​អើយ! តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?»។

16. លោក​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។

17. លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​បើក​ភ្នែក​គេ​ឲ្យ​មើល​ឃើញ​ផង!»។ ព្រះ‌អម្ចាស់​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ឃើញ នៅ​លើ​ភ្នំ មាន​សុទ្ធ​តែ​ទ័ព​សេះ និង​រទេះ​ចំបាំង​ជា​ភ្លើង ជុំ‌វិញ​លោក​អេលីសេ។

18. ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។

19. លោក​អេលីសេ​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​ច្រឡំ​ផ្លូវ​ហើយ មិន​មែន​ក្រុង​នេះ​ទេ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទៅ​នោះ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​មនុស្ស ដែល​អ្នក​រាល់​គ្នា​កំពុង​ស្វែង​រក»។ លោក​នាំ​ពួក​គេ​ចូល​ក្រុង​សាម៉ារី។

20. លុះ​ពួក​គេ​ចូល​ក្នុង​ក្រុង​សាម៉ារី​ហើយ លោក​អេលីសេ​អធិស្ឋាន​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​មេត្តា​ប្រោស​ឲ្យ​ភ្នែក​របស់​អ្នក​ទាំង​នេះ​ភ្លឺ​ផង!»។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​គេ​ភ្លឺ ហើយ​ពួក​គេ​ឃើញ​ថា ខ្លួន​កំពុង​ស្ថិត​នៅ​កណ្ដាល​ក្រុង​សាម៉ារី។

21. ពេល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទត​ឃើញ​ទាហាន​ស៊ីរី ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​លោក​អេលីសេ​ថា៖ «លោក​ឪពុក! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។

22. លោក​ទូល​ស្ដេច​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​ពួក​គេ​ធ្វើ​អ្វី តើ​ព្រះ‌ករុណា​គួរ​ប្រហារ​ជីវិត​ឈ្លើយ​សឹក​ដោយ​មុខ​ដាវ ឬ​ដោយ​ព្រួញ? សូម​ព្រះ‌ករុណា​ប្រទាន​នំបុ័ង និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ រួច​លែង​ពួក​គេ​ឲ្យ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ​ចុះ»។

23. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ទទួល​ទាហាន​ស៊ីរី​ទាំង​នោះ។ កាល​ពួក​គេ​បរិភោគ​រួច​ហើយ ស្ដេច​ឲ្យ​ពួក​គេ​វិល​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទាហាន​ស៊ីរី​លែង​ឈ្លាន‌ពាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។

24. លុះ​ក្រោយ​មក ព្រះ‌បាទ​បេនហា‌ដាដ ជា​ស្ដេច​ស្រុក​ស៊ីរី ប្រមូល​កង‌ទ័ព​ទាំង​អស់ ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

25. ដូច្នេះ នៅ​ក្រុង​សាម៉ារី មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង។ កង‌ទ័ព​ស៊ីរី​ឡោម‌ព័ទ្ធ​ទីក្រុង​យ៉ាង​យូរ រហូត​ដល់​ក្បាល​សត្វ​លា​មួយ​ឡើង​ថ្លៃ​ជា​ប្រាក់​សុទ្ធ​ប៉ែត‌សិប​តម្លឹង ហើយ​សណ្ដែក​មួយ​រង្វាល់​ថ្លៃ​ប្រាំ​តម្លឹង។

26. ថ្ងៃ​មួយ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កំពុង​យាង​នៅ​លើ​កំពែង ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។

27. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ជួយ​នាង​ទេ​នោះ ធ្វើ​ម្ដេច​ឲ្យ​យើង​ជួយ​នាង​បាន? ស្រូវ យើង​ក៏​គ្មាន ស្រា​ទំពាំង‌បាយជូរ ក៏​គ្មាន​ដែរ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 6