គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 4:23-31 Khmer Standard Version (KHSV)

23. ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។

24. នាង​ឲ្យ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បម្រើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​ឲ្យ​សោះ!»។

25. នាង​ក៏​ចេញ​ដំណើរ​ទៅ ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ឃើញ​នាង​ពី​ចម្ងាយ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!

26. ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។

27. កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។

28. នាង​ពោល​ឡើង​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ពុំ​បាន​សុំ​កូន​ពី​លោក​ទេ នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​ហើយ​ថា សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

29. លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។

30. ប៉ុន្តែ ម្ដាយ​របស់​ក្មេង​នោះ​ពោល​ថា៖ «នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា នាង​ខ្ញុំ​មិន​ចាក​ចេញ​ពី​លោក​ទេ!»។ លោក​អេលីសេ​ក្រោក​ឡើង ដើរ​តាម​នាង​ទៅ។

31. កេហា‌ស៊ី​ទៅ​ដល់​មុន​គេ គាត់​យក​ដំបង​ទៅ​ដាក់​លើ​មុខ​ក្មេង​នោះ ប៉ុន្តែ ពុំ​មាន​ឮ​សូរ​សំឡេង ឬ​មាន​ចលនា​អ្វី​ឡើយ។ កេហា‌ស៊ី​វិល​មក​ជួប​លោក​អេលីសេ​ជម្រាប​ថា៖ «ក្មេង​នោះ​ពុំ​ភ្ញាក់​ទេ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 4