គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 4:1-21 Khmer Standard Version (KHSV)

1. មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ជា​ភរិយា​របស់​បុរស​មួយ​រូប ដែល​ជា​សមាជិក​របស់​ក្រុម​ព្យាការី បាន​មក​ជួប​លោក​អេលីសេ ហើយ​អង្វរ​លោក​ថា៖ «ប្ដី​របស់​នាង​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក​ស្លាប់​ផុត​ហើយ។ លោក​ក៏​ជ្រាប​ដែរ​ថា អ្នក​បម្រើ​របស់​លោក គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ណាស់។ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក​ទាម‌ទារ​យក​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​នាង​ខ្ញុំ ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​គេ»។

2. លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «តើ​នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​នាង? ចូរ​ប្រាប់​ខ្ញុំ​មក​មើល នៅ​ក្នុង​ផ្ទះ​នាង​មាន​អ្វី​ខ្លះ?»។ នាង​ឆ្លើយ​តប​ថា៖ «នៅ​ក្នុង​ផ្ទះ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ប្រេង​មួយ​កូន​ដប​ប៉ុណ្ណោះ»។

3. លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ខ្ចី​ដប​ទំនេរ ពី​អ្នក​ជិត​ខាង​ឲ្យ​បាន​ច្រើន គឺ​កុំ​ខ្ចី​តិច​ពេក។

4. ពេល​មក​ដល់​វិញ ត្រូវ​នាំ​គ្នា​ទាំង​ម្ដាយ ទាំង​កូន ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​យក​ប្រេង​ចាក់​ក្នុង​ដប​ទាំង​នោះ។ ដប​ណា​ពេញ​ត្រូវ​ទុក​ដោយ​ឡែក»។

5. នាង​ក៏​ចាក​ចេញ​ពី​លោក​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​ឲ្យ​ម្ដាយ រួច​ម្ដាយ​យក​ប្រេង​មក​ចាក់​ក្នុង​ដប។

6. លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។

7. នាង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ លោក​មាន​ប្រសាសន៍​មក​កាន់​នាង​ថា៖ «ចូរ​យក​ប្រេង​នេះ​ទៅ​លក់​សង​បំណុល​គេ រីឯ​ប្រាក់​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ជីវិត​ម្ដាយ និង​កូន​ចុះ»។

8. ថ្ងៃ​មួយ លោក​អេលីសេ​ដើរ​កាត់​តាម​ភូមិ​ស៊ូ‌ណែម។ ភូមិ​នោះ មាន​ស្ត្រី​ម្នាក់​ជា​អភិជន បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ​ក្នុង​ផ្ទះ​របស់​នាង។ ចាប់​តាំង​ពី​ពេល​នោះ​មក កាល​លោក​ធ្វើ​ដំណើរ​កាត់​ភូមិ​នេះ លោក​តែងតែ​អញ្ជើញ​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។

9. នាង​បាន​និយាយ​ទៅ​កាន់​ប្ដី​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា​បុរស​ដែល​តែងតែ​អញ្ជើញ​មក​ផ្ទះ​យើង​ជា​រឿយៗ​នោះ ពិត​ជា​អ្នក​ជំនិត​ដ៏‌វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់។

10. ដូច្នេះ ចូរ​យើង​រៀបចំ​បន្ទប់​តូច​មួយ​នៅ​ជាន់​ខាង​លើ ព្រម​ទាំង​ដាក់​គ្រែ តុ កៅ‌អី និង​ចង្កៀង ទុក​ជូន​លោក​ផង។ កាល​ណា​លោក​អញ្ជើញ​មក​ផ្ទះ​យើង លោក​អាច​សម្រាក​ក្នុង​បន្ទប់​នោះ»។

11. ថ្ងៃ​មួយ លោក​អេលីសេ​បាន​អញ្ជើញ​មក​ផ្ទះ​នោះ លោក​ឡើង​ទៅ​សម្រាន្ដ​នៅ​បន្ទប់​ខាង​លើ។

12. លោក​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី ជា​ក្មេង​បម្រើ​ថា៖ «ចូរ​ទៅ​ហៅ​ស្ត្រី​ភូមិ​ស៊ូ‌ណែម​មក!»។ កេហា‌ស៊ី​ចេញ​ទៅ​ហៅ​នាង ហើយ​នាង​ក៏​មក​ឈរ​នៅ​មុខ​លោក។

13. លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​ប្រាប់​នាង​ថា នាង​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់​បំផុត តើ​យើង​អាច​តប​ស្នង​អ្វី​ដល់​នាង​វិញ? តើ​ចង់​ឲ្យ​យើង​ទៅ​ទូល​ព្រះ‌រាជា ឬ​និយាយ​ជា​មួយ​មេ‌ទ័ព​ជំនួស​នាង?»។ នាង​ឆ្លើយ​ថា៖ «នាង​ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ នាង​ខ្ញុំ​រស់​នៅ​ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ញាតិ​មិត្ត​របស់​នាង​ខ្ញុំ​ហើយ»។

14. លោក​មាន​ប្រសាសន៍​ថា៖ «បើ​ដូច្នេះ តើ​ត្រូវ​តប​ស្នង​អ្វី​ដល់​នាង?»។ កេហា‌ស៊ី​ឆ្លើយ​ថា៖ «នាង​គ្មាន​កូន​ទេ ហើយ​ប្ដី​នាង​ក៏​ចាស់​ដែរ»។

15. លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​នាង​មក»។ កេហា‌ស៊ី​ក៏​ហៅ​នាង ហើយ​នាង​មក​ឈរ​នៅ​មាត់​ទ្វារ​បន្ទប់។

16. លោក​អេលីសេ​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​មាន​កូន​ប្រុស​ព​នៅ​ក្នុង​ដៃ»។ នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សូម​កុំ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខក​ចិត្ត​ឡើយ»។

17. ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់ ក្នុង​ខែ​ដដែល​នោះ ដូច​លោក​អេលីសេ​ប្រាប់​នាង។

18. កូន​ប្រុស​នោះ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ ថ្ងៃ​មួយ កូន​នោះ​ទៅ​លេង​ជា​មួយ​ឪពុក ដែល​កំពុង​ត្រួត​ពិនិត្យ​អ្នក​ច្រូត​ស្រូវ។

19. ស្រាប់​តែ​ក្មេង​នោះ​ប្រាប់​ឪពុក​ថា៖ «ពុក​អើយ កូន​ឈឺ​ក្បាល កូន​ឈឺ​ក្បាល​ណាស់!»។ ឪពុក​ស្រែក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​បី​យក​ទៅ​ឲ្យ​ម្ដាយ​វា​ឆាប់​ឡើង!»។

20. អ្នក​បម្រើ​បី​ក្មេង​នោះ​យក​ទៅ​ប្រគល់​ឲ្យ​ម្ដាយ។ កូន​នោះ​ដេក​លើ​ភ្លៅ​ម្ដាយ​រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ក៏​ស្លាប់​ទៅ។

21. នាង​បី​កូន​ឡើង​ទៅ​ក្នុង​បន្ទប់​លោក​អេលីសេ នាង​ផ្ដេក​កូន​នៅ​លើ​គ្រែ​របស់​លោក រួច​បិទ​ទ្វារ​បន្ទប់។ នាង​រត់​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រែ

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 4