គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 3:8-20 Khmer Standard Version (KHSV)

8. ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះ‌បាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោ‌ស្ថាន​ស្រុក​អេដុម»។

9. ស្ដេច​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ‌ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។

10. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ពិត​ជា​ព្រះ‌អម្ចាស់​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

11. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រា‌អែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល​នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលីយ៉ា»។

12. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។

13. លោក​អេលីសេ​ទូល​ស្ដេច​អ៊ីស្រា‌អែល​ថា៖ «តើ​ព្រះ‌ករុណា​យាង​មក​រក​ទូលបង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតា‌បិតា​ព្រះ‌ករុណា​ទៅ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ព្រះ‌អម្ចាស់​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

14. លោក​អេលីសេ​ទូល​ថា៖ «ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូលបង្គំ​គោរព​បម្រើ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា បើ​ទូលបង្គំ​មិន​យល់​ដល់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ទេ ទូលបង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះ‌ករុណា​ឡើយ។

15. ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ទូលបង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។

16. លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​ជីក​ប្រឡាយ​នៅ​តាម​ជ្រលង​ភ្នំ​នេះ​ឲ្យ​ច្រើន”។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ទោះ​បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្ដី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរ‌ពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សម្រាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។

18. ប៉ុន្តែ នេះ​ជា​ការ​តូច‌តាច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌អង្គ​នឹង​ប្រគល់​ជន‌ជាតិ​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។

19. ព្រះ‌ករុណា​ត្រូវ​បំផ្លាញ​ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ និង​ទីក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះ‌ករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចម្ការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។

20. លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 3