គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 3:18-25 Khmer Standard Version (KHSV)

18. ប៉ុន្តែ នេះ​ជា​ការ​តូច‌តាច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌អង្គ​នឹង​ប្រគល់​ជន‌ជាតិ​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។

19. ព្រះ‌ករុណា​ត្រូវ​បំផ្លាញ​ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ និង​ទីក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះ‌ករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចម្ការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។

20. លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។

21. កាល​ជន‌ជាតិ​ម៉ូអាប់​ដឹង​ថា ស្ដេច​ទាំង​បី​អង្គ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ ពួក​គេ​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​មាន​វ័យ​អាច​បម្រើ​ទ័ព​បាន ទាំង​ក្មេង ទាំង​ចាស់ ហើយ​បញ្ជូន​ទ័ព​នោះ​ទៅ​ដាក់​តាម​ព្រំ‌ដែន។

22. ជន‌ជាតិ​ម៉ូអាប់​ក្រោក​ពី​ព្រលឹម ហើយ​ឃើញ​ព្រះ‌អាទិត្យ​ចាំង​នៅ​លើ​ផ្ទៃ​ទឹក មាន​ពណ៌​ក្រហម​ដូច​ជា​ឈាម

23. ពួក​គេ​ស្រែក​ថា៖ «មើល៍ សុទ្ធ​តែ​ឈាម! ស្ដេច​ទាំង​នោះ​ពិត​ជា​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​អស់​ហើយ! មក៍! ពួក​ម៉ូអាប់​យើង​នាំ​គ្នា​ទៅ​រឹប​អូស​យក​ជយ‌ភ័ណ្ឌ ឥឡូវ​នេះ!»។

24. ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រា‌អែល កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​គេ។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ប្រហារ​ជន‌ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់។

25. កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 3