ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 3 Khmer Standard Version (KHSV)

ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល សង្គ្រាម​រវាង​អ៊ីស្រា‌អែល និង​ម៉ូអាប់

1. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ​កាល​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូរ៉ាម​ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី បាន​ដប់‌ពីរ​ឆ្នាំ។

2. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​ស្មើ​មាតា‌បិតា​ទេ។ ស្ដេច​បាន​ផ្ដួល​រំលំ​រូប​ព្រះ​បាល​ដែល​បិតា​បាន​កសាង។

3. ប៉ុន្តែ ស្ដេច​មិន​បាន​លះ‌បង់​អំពើ​បាប​ចោល​ទេ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ហើយ​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

4. ព្រះ‌បាទ​មេសា ជា​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ មាន​ហ្វូង​សត្វ​ជា​ច្រើន។ រៀង​រាល់​ឆ្នាំ ស្ដេច​តែងតែ​នាំ​កូន​ចៀម​មួយ​សែន​ក្បាល និង​ចៀម​ឈ្មោល​មួយ​សែន​ក្បាល ព្រម​ទាំង​រោម​ចៀម មក​ថ្វាយ​ជា​សួយសារ‌អាករ​ដល់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

5. ក្រោយ​ពេល​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត​ផុត​ទៅ ស្ដេច​ស្រុក​ម៉ូអាប់​ក៏​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

6. ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល។

7. បន្ទាប់​មក ស្ដេច​ចេញ​ដំណើរ​ទៅ ទាំង​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ថា៖ «ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់​បះ‌បោរ​ប្រឆាំង​នឹង​ទូលបង្គំ តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ម៉ូអាប់​ជា​មួយ​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​តប​ថា៖ «ទូលបង្គំ​យល់​ព្រម​ទៅ​ជា​មួយ​ព្រះ‌ករុណា​ដែរ! ពល​ទ័ព​របស់​ទូលបង្គំ​ក៏​ដូច​ជា​ពល​ទ័ព​របស់​ព្រះ‌ករុណា ហើយ​សេះ​របស់​ទូលបង្គំ​ក៏​ដូច​ជា​សេះ​របស់​ព្រះ‌ករុណា​ដែរ»។

8. ស្ដេច​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​យើង​នឹង​ចេញ​ទៅ​ច្បាំង​តាម​ផ្លូវ​ណា?»។ ព្រះ‌បាទ​យ៉ូរ៉ាម​តប​ថា «តាម​ផ្លូវ​វាល​រហោ‌ស្ថាន​ស្រុក​អេដុម»។

9. ស្ដេច​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អេដុម​នាំ​គ្នា​ចាក​ចេញ​ទៅ។ លុះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​បាន​ប្រាំ‌ពីរ​ថ្ងៃ ពួក​គេ​ខ្វះ​ទឹក​សម្រាប់​កង‌ទ័ព និង​ហ្វូង​សត្វ​ដែល​មក​ជា​មួយ។

10. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ពិត​ជា​ព្រះ‌អម្ចាស់​ហើយ ដែល​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

11. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​ណា​ម្នាក់​ដែល​អាច​ឲ្យ​យើង​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ​ឬ?»។ មេ‌ទ័ព​អ៊ីស្រា‌អែល​ម្នាក់​ទូល​ថា៖ «ក្រាប​ទូល​នៅ​ទី​នេះ មាន​លោក​អេលីសេ ជា​កូន​របស់​លោក​សាផាត និង​ជា​សិស្ស​ជំនិត​របស់​លោក​អេលីយ៉ា»។

12. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ពិត​ជា​អាច​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​យើង​មិន​ខាន»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ព្រម​ទាំង​ស្ដេច​អេដុម ក៏​នាំ​គ្នា​យាង​ទៅ​ជួប​លោក​អេលីសេ។

13. លោក​អេលីសេ​ទូល​ស្ដេច​អ៊ីស្រា‌អែល​ថា៖ «តើ​ព្រះ‌ករុណា​យាង​មក​រក​ទូលបង្គំ​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​យាង​ទៅ​រក​ពួក​ព្យាការី​របស់​មាតា‌បិតា​ព្រះ‌ករុណា​ទៅ!»។ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ថា៖ «ទេ ដ្បិត​ព្រះ‌អម្ចាស់​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។

14. លោក​អេលីសេ​ទូល​ថា៖ «ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​ទូលបង្គំ​គោរព​បម្រើ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា បើ​ទូលបង្គំ​មិន​យល់​ដល់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា​ទេ ទូលបង្គំ​មិន​អើពើ ឬ​ក្រឡេក​មើល​ព្រះ‌ករុណា​ឡើយ។

15. ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ទូលបង្គំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី ឫទ្ធិ‌បារមី​របស់​ព្រះ‌អម្ចាស់​ក៏​មក​សណ្ឋិត​លើ​ព្យាការី​អេលីសេ។

16. លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ចូរ​ជីក​ប្រឡាយ​នៅ​តាម​ជ្រលង​ភ្នំ​នេះ​ឲ្យ​ច្រើន”។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ទោះ​បី​អ្នក​រាល់​គ្នា​មិន​ឃើញ​មាន​ខ្យល់ មាន​ភ្លៀង​ក្ដី ជ្រលង​ភ្នំ​នេះ​នឹង​មាន​ទឹក​ពោរ‌ពេញ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ទឹក​បរិភោគ ព្រម​ទាំង​ទឹក​សម្រាប់​ហ្វូង​សត្វ និង​ជំនិះ​របស់​អ្នក​រាល់​គ្នា​ផង”។

18. ប៉ុន្តែ នេះ​ជា​ការ​តូច‌តាច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌អង្គ​នឹង​ប្រគល់​ជន‌ជាតិ​ម៉ូអាប់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា។

19. ព្រះ‌ករុណា​ត្រូវ​បំផ្លាញ​ទីក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ និង​ទីក្រុង​សំខាន់ៗ​ទាំង​អស់​ចោល។ ព្រះ‌ករុណា​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ល្អៗ បិទ​ប្រភព​ទឹក​ទាំង​អស់ ហើយ​បំផ្លាញ​ដី​ស្រែ​ចម្ការ​ទាំង​អស់​ចោល ដោយ​យក​ថ្ម​ទៅ​ចាក់​លើ​ដី​ទាំង​នោះ»។

20. លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។

21. កាល​ជន‌ជាតិ​ម៉ូអាប់​ដឹង​ថា ស្ដេច​ទាំង​បី​អង្គ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ ពួក​គេ​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​មាន​វ័យ​អាច​បម្រើ​ទ័ព​បាន ទាំង​ក្មេង ទាំង​ចាស់ ហើយ​បញ្ជូន​ទ័ព​នោះ​ទៅ​ដាក់​តាម​ព្រំ‌ដែន។

22. ជន‌ជាតិ​ម៉ូអាប់​ក្រោក​ពី​ព្រលឹម ហើយ​ឃើញ​ព្រះ‌អាទិត្យ​ចាំង​នៅ​លើ​ផ្ទៃ​ទឹក មាន​ពណ៌​ក្រហម​ដូច​ជា​ឈាម

23. ពួក​គេ​ស្រែក​ថា៖ «មើល៍ សុទ្ធ​តែ​ឈាម! ស្ដេច​ទាំង​នោះ​ពិត​ជា​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ស្លាប់​អស់​ហើយ! មក៍! ពួក​ម៉ូអាប់​យើង​នាំ​គ្នា​ទៅ​រឹប​អូស​យក​ជយ‌ភ័ណ្ឌ ឥឡូវ​នេះ!»។

24. ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ទៅ​ដល់​ជំរំ​របស់​អ៊ីស្រា‌អែល កង‌ទ័ព​អ៊ីស្រា‌អែល​ក៏​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​ម៉ូអាប់​ដែល​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​គេ។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ប្រហារ​ជន‌ជាតិ​ម៉ូអាប់ ចូល​រហូត​ដល់​ក្នុង​ស្រុក ហើយ​វាយ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់។

25. កង‌ទ័ព​អ៊ីស្រា‌អែល​បំផ្លាញ​ទីក្រុង​ទាំង​ប៉ុន្មាន​ចោល ព្រម​ទាំង​នាំ​គ្នា​យក​ដុំ​ថ្ម ទៅ​បោះ​ពេញ​ក្នុង​ស្រែ​ចម្ការ​ដ៏​ល្អៗ​ទាំង​អស់។ ពួក​គេ​បិទ​ប្រភព​ទឹក​ទាំង​អស់​ចោល និង​កាប់​រំលំ​ដើម​ឈើ​ដ៏​ល្អៗ​ទាំង​អស់​ចោល​ដែរ។ ទី​បំផុត មាន​តែ​ក្រុង​គារ-‌ហា‌រ៉ា‌សែត ប៉ុណ្ណោះ​ដែល​នៅ​មាន​កំពែង​ព័ទ្ធ​ជុំ‌វិញ។ ពល​ទាហាន​កាន់​ដង្ហក់​នាំ​គ្នា​ឡោម‌ព័ទ្ធ និង​វាយ​យក​ក្រុង​នោះ។

26. កាល​ស្ដេច​ស្រុក​ម៉ូអាប់​ដឹង​ច្បាស់​ថា ខ្លួន​គ្មាន​កម្លាំង​ទប់‌ទល់​បាន ទ្រង់​ក៏​ប្រមូល​ទ័ព​ដែល​កាន់​ដាវ​បាន​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ វាយ​បើក​ផ្លូវ​សម្រុក​ទៅ​លើ​ស្ដេច​អេដុម ប៉ុន្តែ មិន​បាន​សម្រេច​ឡើយ។

27. ដូច្នេះ ស្ដេច​ស្រុក​ម៉ូអាប់​យក​រាជ‌បុត្រ​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​កំពែង​ក្រុង បណ្ដាល​ឲ្យ​កង‌ទ័ព​អ៊ីស្រា‌អែល​រន្ធត់‌ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។