គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 25:7-19 Khmer Standard Version (KHSV)

7. គេ​បាន​អារ-ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេ‌ដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេ‌ដេ‌គា។ បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេ‌ដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់ នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

8. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

9. លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។

10. កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ‌ប្រតិភូ ក៏​បាន​រំលំ​កំពែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ចោល​ដែរ។

11. លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ កៀរ​ប្រជា‌ជន​នៅ​សេស‌សល់ ក្នុង​ទីក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​បណ្ដា‌ជន​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។

12. ប៉ុន្តែ លោក​រាជ‌ប្រតិភូ​ទុក​ឲ្យ​ប្រជា‌ជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំង‌បាយជូរ និង​ភ្ជួរ​ស្រែ។

13. ជន‌ជាតិ​ខាល់ដេ​កម្ទេច​សសរ​លង្ហិន នៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែក​កំណល់ និង​អាង​ធំ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​ទៅ​ក្រុង​បាប៊ី‌ឡូន។

14. ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។

15. លោក​រាជ‌ប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។

16. រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។

17. សសរ​ទី​មួយ​មាន​កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​នៅ​ពី​លើ​សសរ មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​បី​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ និង​ក្បាច់​ក្រឡា‌អួន ក៏​ដូច​គ្នា​ដែរ។

18. លោក​រាជ‌ប្រតិភូ​បាន​ចាប់​លោក​មហា​បូជា‌ចារ្យ​សេរ៉ាយ៉ា និង​លោក​សេ‌ផា‌នា​ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​រូប យក​ទៅ​ជា​មួយ។

19. លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 25