គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 24:10-16 Khmer Standard Version (KHSV)

10. នៅ​គ្រា​នោះ កង‌ទ័ព​របស់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ។

11. ក្នុង​ពេល​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​យាង​មក​បញ្ជា​កង‌ទ័ព​ដោយ​ផ្ទាល់។

12. ពេល​នោះ ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហា‌តលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច​ផ្ទាល់។

13. ស្ដេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កម្ទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះ‌បាទ​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក។

14. ព្រះចៅ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់ យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ប្រជា‌ជន​តូច‌តាច​ប៉ុណ្ណោះ។

15. ព្រះចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។

16. ស្ដេច​បាន​កៀរ​ពួក​អភិជន​ចំនួន​ប្រាំ‌ពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្ប‌ករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន​ផង​ដែរ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 24