គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 23:7-17 Khmer Standard Version (KHSV)

7. ព្រះ‌បាទ​យ៉ូសៀស​កម្ទេច​កន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ស្ថិត​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀក‌បំពាក់​ថ្វាយ​ព្រះ‌អាសេ‌រ៉ា​ដែរ។

8. ស្ដេច​កោះ​ហៅ​បូជា‌ចារ្យ​ទាំង​អស់​ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា ជា​កន្លែង​ដែល​បូជា‌ចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្ដេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស្វេ ជា​អភិ‌បាល​ក្រុង។

9. ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ​ជា​មួយ​បូជា‌ចារ្យ​ដទៃ​ទៀត​បាន។

10. ព្រះ‌បាទ​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។

11. ព្រះ‌បាទ​យ៉ូសៀស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះ‌អាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហា‌តលិក​នេថាន-‌មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។

12. ស្ដេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។

13. ស្ដេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះ‌បាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។

14. ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។

15. ព្រះ‌បាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។

16. ព្រះ‌បាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។

17. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 23