គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 23:22-35 Khmer Standard Version (KHSV)

22. តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។

23. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។

24. ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ‌រាសី រូប​តេរ៉ា‌ភីម*​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

25. កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក ក៏​គ្មាន​ដែរ។

26. ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្តែង​នាម​របស់​យើង»។

28. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

29. ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌ចៅ​ផារ៉ោន​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ព្រះ‌បាទ​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះ‌ចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូសៀស​នៅ​មេគី‌ដោ។

30. ពួក​នាយ​ទាហាន​លើក​សព​របស់​ស្ដេច​ដាក់​លើ​រទេះ នាំ​ពី​មេគី‌ដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច។ ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​ជ្រើស​រើស​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស មក​ចាក់​ប្រេង​អភិ‌សេក​ឲ្យ​ស្នង​រាជ្យ​បិតា។

31. កាល​ព្រះ‌បាទ​អាហាស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ‌រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ហា‌មូថាល ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

32. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

33. ព្រះ‌ចៅ​ផារ៉ោន​នេកោ​ចាប់​ព្រះ‌បាទ​យ៉ូអា‌ហាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ដើម្បី​កុំ​ឲ្យ​ស្ដេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​ទៀត។ ព្រះ‌ចៅ​ផារ៉ោន​នេកោ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប‌ហាប និង​មាស​កន្លះ​ហាប។

34. ព្រះចៅ​ផារ៉ោន​នេកោ​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអា‌ហាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

35. ព្រះ‌បាទ​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់ ដូច​ព្រះ‌ចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ផារ៉ោន​នេកោ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 23