ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 23 Khmer Standard Version (KHSV)

ការ​កែ​ទម្រង់​នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស

1. ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។

2. បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ព្យាការី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ឲ្យ​ប្រជា‌ជន​ស្ដាប់។

3. ព្រះ‌រាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។

4. ស្ដេច​ចេញ​បញ្ជា​ដល់​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា និង​ពួក​បូជា‌ចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។

5. ស្ដេច​លុប​បំបាត់​ពួក​បូជា‌ចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។

6. ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កម្ទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជា‌ជន។

7. ព្រះ‌បាទ​យ៉ូសៀស​កម្ទេច​កន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ស្ថិត​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀក‌បំពាក់​ថ្វាយ​ព្រះ‌អាសេ‌រ៉ា​ដែរ។

8. ស្ដេច​កោះ​ហៅ​បូជា‌ចារ្យ​ទាំង​អស់​ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា ជា​កន្លែង​ដែល​បូជា‌ចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្ដេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស្វេ ជា​អភិ‌បាល​ក្រុង។

9. ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ​ជា​មួយ​បូជា‌ចារ្យ​ដទៃ​ទៀត​បាន។

10. ព្រះ‌បាទ​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។

11. ព្រះ‌បាទ​យ៉ូសៀស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះ‌អាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហា‌តលិក​នេថាន-‌មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។

12. ស្ដេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។

13. ស្ដេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះ‌បាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។

14. ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។

15. ព្រះ‌បាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។

16. ព្រះ‌បាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។

17. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។

18. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។

19. កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។

20. ស្ដេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

ជន‌ជាតិ​យូដា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង*

21. ព្រះ‌រាជា​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី»។

22. តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។

23. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។

ដំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ព្រះ‌បាទ​យ៉ូសៀស

24. ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ‌រាសី រូប​តេរ៉ា‌ភីម*​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

25. កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក ក៏​គ្មាន​ដែរ។

26. ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

27. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្តែង​នាម​របស់​យើង»។

28. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

29. ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌ចៅ​ផារ៉ោន​នេកោ ជា​ស្ដេច​ស្រុក​អេស៊ីប បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺប្រាត ដើម្បី​ជួយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ព្រះ‌បាទ​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ព្រះ‌ចៅ​ផារ៉ោន​ទត​ឃើញ ក៏​ធ្វើ​គុត​ព្រះ‌បាទ​យ៉ូសៀស​នៅ​មេគី‌ដោ។

30. ពួក​នាយ​ទាហាន​លើក​សព​របស់​ស្ដេច​ដាក់​លើ​រទេះ នាំ​ពី​មេគី‌ដូ​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច។ ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​ជ្រើស​រើស​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស មក​ចាក់​ប្រេង​អភិ‌សេក​ឲ្យ​ស្នង​រាជ្យ​បិតា។

ព្រះ‌បាទ​យ៉ូអា‌ហាស​សោយ​រាជ្យ​នៅ​ស្រុក​យូដា

31. កាល​ព្រះ‌បាទ​អាហាស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​បី​ព្រះ‌វស្សា ហើយ​សោយ‌រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ហា‌មូថាល ជា​កូន​របស់​លោក​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។

32. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

33. ព្រះ‌ចៅ​ផារ៉ោន​នេកោ​ចាប់​ព្រះ‌បាទ​យ៉ូអា‌ហាស់​ដាក់​ច្រវាក់​នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ដើម្បី​កុំ​ឲ្យ​ស្ដេច​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​ត​ទៅ​ទៀត។ ព្រះ‌ចៅ​ផារ៉ោន​នេកោ​តម្រូវ​ឲ្យ​ស្រុក​យូដា​បង់​សួយសារ‌អាករ​ជា​ប្រាក់​ហា‌សិប‌ហាប និង​មាស​កន្លះ​ហាប។

34. ព្រះចៅ​ផារ៉ោន​នេកោ​តែង‌តាំង​ព្រះ‌បាទ​អេលា‌គីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ស្នង​រាជ្យ​បិតា ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ព្រះ‌បាទ​យ៉ូអា‌ហាស់ ព្រះចៅ​ផារ៉ោន​នាំ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​អេស៊ីប ហើយ​ទ្រង់​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។

35. ព្រះ‌បាទ​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់ ដូច​ព្រះ‌ចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ផារ៉ោន​នេកោ។

ព្រះ‌បាទ​យេហូ‌យ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

36. កាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ‌ប្រាំ​ព្រះ‌វស្សា ហើយ​ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា សេប៊ូ‌ដា ជា​កូន​របស់​លោក​ពេដា‌យ៉ា ជា​អ្នក​ស្រុក​រូម៉ា។

37. ព្រះ‌បាទ​យេហូ‌យ៉ាគីម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។