គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 22:10-20 Khmer Standard Version (KHSV)

10. លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

11. កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។

12. បន្ទាប់​មក ទ្រង់​បញ្ជា​ទៅ​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម ជា​កូន​របស់​លោក​សាផាន លោក​អ័ក‌បោរ ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា ជា​រាជ​បម្រើ​ថា៖

13. «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ ហើយ​ក៏​មិន​ប្រតិបត្តិ​តាម​ដែរ»។

14. លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម លោក​អ័ក‌បោរ លោក​សាផាន និង​លោក​អសា‌យ៉ា នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូល‌ដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូ‌សាឡឹម។ កាល​រាជ​បម្រើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ

15. នាង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​រក​យើង​ថា

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។

17. ដោយ​ពួក​គេ​បាន​បោះ‌បង់​ចោល​យើង​ហើយ ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌អោន​បាន​ឡើយ!”

18. ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។

19. ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្ដាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់ យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

20. ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ រាជ​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 22