គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 22:1-8 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​យ៉ូសៀស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះ‌ជន្មាយុ​ប្រាំ​បី​វស្សា ហើយ​សោយ​រាជ្យ​បាន​សាម‌សិប​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេឌី‌ដា ជា​កូន​របស់​លោក​អដា‌យ៉ា ជា​អ្នក​ស្រុក​បូស‌កាថ។

2. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។

3. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌លា និង​ជា​ចៅ​របស់​លោក​មស៊ូ‌ឡាម ឲ្យ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដោយ​មាន​រាជ‌ឱង្ការ​ថា៖

4. «ចូរ​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា សុំ​ឲ្យ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជា‌ជន។

5. ចូរ​ឲ្យ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួស‌ជុល​ព្រះ‌ដំណាក់

6. គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សម្រាប់​ទិញ​ឈើ ថ្ម‌ដាប់ ដើម្បី​ជួស‌ជុល​ព្រះ‌ដំណាក់។

7. ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​ឲ្យ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។

8. ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ‌វិន័យ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!»។ លោក​ហ៊ីល‌គី‌យ៉ា​ជូន​គម្ពីរ​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 22