គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 21:5-18 Khmer Standard Version (KHSV)

5. ព្រះ‌បាទ​ម៉ាណា‌សេ​សង់​អាសនៈ សម្រាប់​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

6. ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា​យញ្ញ ស្ដេច​បាន​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

7. ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ធ្វើ​រូប​បដិមា​របស់​ព្រះ‌អាសេ‌រ៉ា យក​ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ថ្វី‌ដ្បិត​តែ​ព្រះ‌អម្ចាស់​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​ថា «យើង​ជ្រើស​រើស​ព្រះ‌ដំណាក់ និង​ក្រុង​យេរូ‌សាឡឹម ពី​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​កន្លែង​សម្រាប់​នាម​យើង​រហូត​ត​ទៅ។

8. ប្រសិន​បើ​ប្រជា‌ជន​អ៊ីស្រា‌អែល​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្គាប់​មក តាម​រយៈ​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង នោះ​យើង​មិន​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់​ចេញ​ឆ្ងាយ​ពី​ទឹក​ដី ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​គេ​ឡើយ»។

9. ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ទេ ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ពួក​គេ​ឲ្យ​វង្វេង​រហូត​ដល់​ប្រព្រឹត្ត​អំពើ​អាក្រក់ ជាង​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បំផ្លាញ នៅ​ចំពោះ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ​ទៀត។

10. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា៖

11. «ម៉ាណា‌សេ ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ គឺ​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ច្រើន​ជាង​ជន‌ជាតិ​អាម៉ូរី កាល​ពី​មុន ហើយ​គេ​ក៏​បាន​នាំ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​រូប​ព្រះ​ក្លែង‌ក្លាយ​ដែរ។

12. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។

13. យើង​នឹង​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម ដូច​យើង​បាន​បំផ្លាញ​ក្រុង​សាម៉ារី និង​រាជ‌វង្ស​អហាប់​ដែរ។ យើង​នឹង​បោស​សម្អាត​ក្រុង​យេរូ‌សាឡឹម ឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយ។

14. យើង​នឹង​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ

15. ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត គឺ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ក្រេវ‌ក្រោធ តាំង​ពី​ថ្ងៃ​ដែល​ដូនតា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ»។

16. ក្រៅ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​នាំ​ប្រជា‌ជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្ដេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។

17. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​ម៉ាណា‌សេ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ គឺ​អំពើ​បាប សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

18. កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​យក​សព​របស់​ស្ដេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 21