គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 20:9-15 Khmer Standard Version (KHSV)

9. ព្យាការី​អេសាយ​ទូល​ស្ដេច​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​ព្រះ‌ករុណា ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។

10. ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។

11. ពេល​នោះ ព្យាការី​អេសាយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។

12. នៅ​គ្រា​ដដែល​នោះ ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ព្រះ‌ចៅ​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ព្រះ‌ចៅ​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​តង្វាយ​មក​ថ្វាយ​ព្រះ‌បាទ​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ព្រះ‌បាទ​ហេ‌សេគា​ទ្រង់​ប្រឈួន។

13. ព្រះ‌បាទ​ហេ‌សេគា​ទទួល​រាជ‌ទូត​ស្រុក​បាប៊ី‌ឡូន​ឲ្យ​ចូល​សវនា‌ការ ហើយ​នាំ​ពួក​គេ​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​តម្កល់​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ព្រះ‌បាទ​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​រាជ​វាំង និង​ក្នុង​នគរ ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ ឥត​មាន​ចន្លោះ​អ្វី​សោះ​ឡើយ។

14. បន្ទាប់​មក ព្យាការី​អេសាយ​ចូល​មក​គាល់​ព្រះ‌បាទ​ហេ‌សេគា ទូល​សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ទូល​ព្រះ‌ករុណា​ដូច​ម្ដេច​ខ្លះ?»។ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​គាល់​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។

15. លោក​អេសាយ​សួរ​ព្រះ‌បាទ​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌បរម​រាជ​វាំង?»។ ព្រះ‌បាទ​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​បាន​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បាន​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់ ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 20