គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 2:6-13 Khmer Standard Version (KHSV)

6. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ចាំ​ខ្ញុំ​នៅ​ទី​នេះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ លោក​អេលីសេ​តប​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា ខ្ញុំ​នឹង​មិន​ឃ្លាត​ចាក​ពី​លោក​ឡើយ»។ លោក​ទាំង​ពីរ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

7. មាន​ព្យាការី​ហា‌សិប​នាក់​ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ លោក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។

8. ពេល​នោះ លោក​អេលីយ៉ា​យក​អាវ​ធំ​របស់​លោក​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ លោក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។

9. កាល​លោក​ទាំង​ពីរ​ឆ្លង​ផុត​ហើយ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេលីសេ​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី​ពី​ខ្ញុំ ចូរ​សុំ​ឲ្យ​បាន​មុន​ពេល​ព្រះ‌អម្ចាស់ លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក!»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «សូម​មេត្តា​ឲ្យ​វិញ្ញាណ​ដែល​ស្ថិត​នៅ​លើ​លោក មក​សណ្ឋិត​លើ​ខ្ញុំ​មួយ​ជា​ទ្វេ!»។

10. លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​របស់​អ្នក​ពិបាក​ណាស់! ប៉ុន្តែ ប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្ញុំ ក្នុង​ពេល​ដែល​ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ទៅ​ឆ្ងាយ​ពី​អ្នក នោះ​សំណូម​ពរ​របស់​អ្នក​ពិត​ជា​បាន​សម្រេច។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មើល​មិន​ឃើញ​ខ្ញុំ​ទេ សំណូម​ពរ​របស់​អ្នក​ក៏​ពុំ​បាន​សម្រេច​ដែរ»។

11. ក្នុង​ពេល​លោក​ទាំង​ពីរ​ដើរ​បណ្ដើរ​និយាយ​បណ្ដើរ ស្រាប់​តែ​មាន​រទេះ​ជា​ភ្លើង ទឹម​ដោយ​សេះ​ភ្លើង មក​ញែក​លោក​ទាំង​ពីរ​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា។ ពេល​នោះ ខ្យល់​ក៏​កួច​លោក​អេលីយ៉ា​ឡើង​ទៅ​ស្ថាន​បរម‌សុខ។

12. កាល​លោក​អេលីសេ​ឃើញ​ដូច្នេះ លោក​ស្រែក​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។ បន្ទាប់​មក លោក​មើល​លោក​អេលីយ៉ា​លែង​ឃើញ​ទៀត។ លោក​យក​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក​ជា​ពីរ

13. រួច​រើស​អាវ​ធំ​របស់​លោក​អេលីយ៉ា​ដែល​ជ្រុះ​មក​លើ​លោក​នោះ ហើយ​ត្រឡប់​ទៅ​មាត់​ទន្លេ​យ័រដាន់​វិញ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 2