គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 18:3-17 Khmer Standard Version (KHSV)

3. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

4. ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា​«នេហ៊ូស‌ថាន់»។

5. ព្រះ‌បាទ​ហេ‌សេគា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ក្នុង​ចំណោម​ស្ដេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្ដេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្ដេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្ដេច​អង្គ​ណា​ប្រៀប​ស្មើ​នឹង​ព្រះ‌បាទ​ហេ‌សេគា​ទេ។

6. ព្រះ‌រាជា​ជំពាក់​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្ដេច​កាន់​តាម​បទ‌បញ្ជា​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក តាម​រយៈ​លោក​ម៉ូសេ។

7. ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ស្ដេច ដូច្នេះ ស្ដេច​ទទួល​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​ស្ដេច​ធ្វើ។ ព្រះ‌បាទ​ហេ‌សេគា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​រំដោះ​ខ្លួន​រួច​ផុត​ពី​នឹម​របស់​ស្ដេច​នោះ។

8. ស្ដេច​បាន​វាយ​យក​ស្រុក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ទឹក​ដី​ដែល​នៅ​ជុំ‌វិញ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

9. នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ជា​បុត្រ​របស់​លោក​អេឡា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ចៅ​សាល‌ម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​ឡើង​មក​ច្បាំង និង​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី។

10. កង‌ទ័ព​អាស្ស៊ីរី​ឡោម‌ព័ទ្ធ​ក្រុង​នេះ អស់​រយៈ​ពេល​បី​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល កង‌ទ័ព​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី។

11. ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​កៀរ​ប្រជា‌ជន​អ៊ីស្រា‌អែល នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។

12. ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

13. នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សាន‌ហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។

14. ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូលបង្គំ​ទៀត​ឡើយ។ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា»។ ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​ឲ្យ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​បង់​ពន្ធ​ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។

15. ព្រះ‌បាទ​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

16. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​គាស់​មាស​ដែល​ស្ដេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

17. ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 18