គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 18:28-37 Khmer Standard Version (KHSV)

28. បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ​មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ:

29. ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។

30. កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើងពិតប្រាកដ ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

31. កុំ​ស្ដាប់​ស្ដេច​ហេសេ‌គា​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ”។

32. ក្រោយ​ហើយ យើង​នឹង​មក​នាំ​អ្នក​រាល់​គ្នា​យក​ទៅ​ស្រុក​មួយ​ទៀត​ដែល​សម្បូណ៌​សប្បាយ ដូច​ស្រុក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​ដែល​មាន​ពោរ‌ពេញ​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ជា​ស្រុក​ដែល​សម្បូណ៌​អាហារ និង​ចម្ការ​ទំពាំង‌បាយជូរ ជា​ស្រុក​សម្បូណ៌​ផ្លែ​អូលីវ​យក​ប្រេង និង​ទឹក​ឃ្មុំ។ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​រស់​រាន​ឥត​ស្លាប់​ឡើយ។ កុំ​ស្ដាប់​ស្ដេច​ហេសេ‌គា​ឲ្យ​សោះ ដ្បិត​ស្ដេច​នេះ​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើង”។

33. ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​រំដោះ​ស្រុក​គេ​ឲ្យ​រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះចៅ​ក្រុង​អាស្ស៊ីរី​ទាល់​តែ​សោះ! តើ​ព្រះ​របស់​ក្រុង​ហា‌ម៉ាត និង​ក្រុង​អើផាឌ ទៅ​ណា​បាត់​អស់​ហើយ?

34. តើ​ព្រះ​របស់​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?

35. ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ‌អម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ដែរ!»។

36. ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ព្រះ‌បាទ​ហេ‌សេគា​បាន​បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។

37. លោក​អេលា‌គីម​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ហើយ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង លោក​សិប‌ណា​ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច នាំ​គ្នា​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ថ្វាយ​ព្រះ‌រាជា​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្រុក​អាស‌ស៊ើរ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 18