គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 18:18-31 Khmer Standard Version (KHSV)

18. ហើយ​ស្រែក​ហៅ​ស្ដេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។

19. មេ‌ទ័ព​របស់​ព្រះចៅ​រ៉ាប់សា‌កេ​ពោល​ថា៖ «សូម​អស់​លោក​ទូល​ព្រះ‌បាទ​ហេ‌សេគា​ដូច​ត​ទៅ: ព្រះ​មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ស្រុក​អាស្ស៊ីរី មាន​រាជ‌ឱង្ការ​ថា “តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​អ្វី​បាន​ជា​មាន​ព្រះ‌ហឫទ័យ​អង់‌អាច​បែប​នេះ?

20. តើ​ព្រះ‌ករុណា​ស្មាន​ថា ពាក្យ​សម្ដី​អាច​ជំនួស​ក្រុម​ប្រឹក្សា​យោធា និង​កម្លាំង​ទ័ព​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម​បាន​ឬ? តើ​ព្រះ‌ករុណា​ពឹង​ផ្អែក​លើ​នរណា​បាន​ជា​ហ៊ាន​បះ‌បោរ​នឹង​យើង​ដូច្នេះ?

21. ព្រះ‌ករុណា​ទុក​ចិត្ត​លើ​ស្រុក​អេស៊ីប ដែល​ប្រៀប​ដូច​ជា​ដើម​ត្រែង​បាក់​ឬ? អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ប្រៀប​បាន​នឹង​មនុស្ស​ដែល​ច្រត់​ដៃ​លើ​ដើម​ត្រែង​បាក់ គឺ​នាំ​ឲ្យ​តែ​ធ្លុះ​បាត​ដៃ​ប៉ុណ្ណោះ។

22. ព្រះ‌ករុណា​ប្រហែល​ជាមាន​រាជ‌ឱង្ការ​ថា “យើង​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង!”។ ប៉ុន្តែ តើ​ព្រះ‌ករុណា​ពុំ​បាន​ឲ្យ​គេ​កម្ទេច​កន្លែង​សក្ការៈ និង​អាសនៈ​របស់​ព្រះ​នេះ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្រាប​ថ្វាយ‌បង្គំ​តែ​នៅ​មុខ​អាសនៈ​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ​ឬ?”

23. ឥឡូវ​នេះ សុំ​ព្រះ‌ករុណា​សាក​ល្បង​ភ្នាល់​ជា​មួយ​ព្រះចៅ​ក្រុង​អាស្ស៊ីរី ជា​អម្ចាស់​របស់​ទូលបង្គំ​ទៅ នោះ​ទូលបង្គំ​នឹង​ថ្វាយ​សេះ​ពីរ​ពាន់​ក្បាល ប្រសិន​បើ​ព្រះ‌ករុណា​រក​អ្នក​ជិះ​បាន!

24. ទោះ​បី​ព្រះ‌ករុណា​ពឹង​លើ​រទេះ​ចំបាំង និង​កង‌ទ័ព​សេះ​របស់​ស្រុក​អេស៊ីប​ក្ដី សូម្បី​តែ​មេ‌ទ័ព​អាស្ស៊ីរី​ម្នាក់​ដែល​ខ្សោយ​ជាង​គេ ក៏​ព្រះ‌ករុណា​វាយ​មិន​ឈ្នះ​ផង។

25. មួយ​វិញ​ទៀត យើង​លើក​ទ័ព​មក​វាយ​កម្ទេច​កន្លែង​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​យើង​មក​វាយ​កម្ទេច​ក្រុង​នេះ»។

26. ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូម​លោក​មេត្តា​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ជា​ភាសា​អារ៉ាម​ចុះ ដ្បិត​យើង​ខ្ញុំ​ស្ដាប់​ភាសា​លោក​បាន តែ​សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា ក្រែង​ប្រជា‌ជន​នៅ​តាម​កំពែង​ក្រុង​ឮ»។

27. មេ‌ទ័ព​អាស្ស៊ីរី​តប​មក​វិញ​ថា៖ «ព្រះ​មហា‌ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ព្រះ‌រាជា​ឲ្យ​យើង​មក​ប្រាប់​ជន​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​មុខ​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯង ដូច​អស់​លោក​ដែរ»។

28. បន្ទាប់​មក មេ‌ទ័ព​អាស្ស៊ីរី​នោះ​ក្រោក​ឈរ និង​ស្រែក​ក្ដែងៗ​យ៉ាង​អស់​ទំហឹង ជា​ភាសា​យូដា​ថា៖ «ចូរ​នាំ​គ្នា​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ​មហា‌ក្សត្រា‌ធិរាជ គឺ​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​ដូច​ត​ទៅ:

29. ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ថា កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​បោក​ប្រាស់​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ស្ដេច​នេះ​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ជា​ដាច់​ខាត។

30. កុំ​ទុក​ឲ្យ​ស្ដេច​ហេសេ‌គា​នាំ​អ្នក​រាល់​គ្នា ទៅ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​នឹង​រំដោះ​យើងពិតប្រាកដ ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​ក្រុង​នេះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើយ”។

31. កុំ​ស្ដាប់​ស្ដេច​ហេសេ‌គា​ឲ្យ​សោះ ដ្បិត​ព្រះ‌ចៅ​ក្រុង​អាស្ស៊ីរី​មាន​រាជ‌ឱង្ការ​ថា “ចូរ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​សុំ​សន្តិ‌ភាព​ពី​យើង ចូរ​នាំ​គ្នា​មក​ចុះ​ចូល​នឹង​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​របស់​ខ្លួន ព្រម​ទាំង​បាន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ខ្លួន​ដែរ”។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 18