គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 18:12-18 Khmer Standard Version (KHSV)

12. ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ឬ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

13. នៅ​ឆ្នាំ​ទី​ដប់‌បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌ចៅ​សាន‌ហេរីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។

14. ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូលបង្គំ​ទៀត​ឡើយ។ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា»។ ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​ឲ្យ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​បង់​ពន្ធ​ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។

15. ព្រះ‌បាទ​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

16. នៅ​គ្រា​នោះ ព្រះ‌បាទ​ហេ‌សេគា​គាស់​មាស​ដែល​ស្ដេច​បាន​ស្រោប​នៅ​ខ្លោង​ទ្វារ និង​ក្រប​ទ្វារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។

17. ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព មេ​បញ្ជា‌ការ និង​រាជ‌បម្រើ​ផ្ទាល់​របស់​ស្ដេច ពី​កន្លែង​បោះ​ទ័ព​នៅ​ឡាគីស ឲ្យ​មក​ជួប​ព្រះ‌បាទ​ហេ‌សេគា​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ពល​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ពួក​គេ​ឡើង​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ ពេល​មក​ដល់ ពួក​គេ​ឈរ​នៅ​ក្បែរ​ព្រែក​ជីក​ដែល​នៅ​ជាប់​នឹង​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ជ្រលក់​ល័ក្ខ

18. ហើយ​ស្រែក​ហៅ​ស្ដេច​ស្រុក​យូដា។ ពេល​នោះ លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម​រាជ​វាំង បាន​ចេញ​ទៅ​ជួប​ពួក​គេ ដោយ​មាន​លោក​សេបណា ជា​ស្មៀន​ហ្លួង និង​លោក​យ៉ូអា កូន​របស់​លោក​អេសាភ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច​ទៅ​ជា​មួយ​ផង។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 18