គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 17:9-19 Khmer Standard Version (KHSV)

9. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទីក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។

10. ពួក​គេ​នាំ​គ្នា​ដំឡើង​ស្តូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

11. នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

12. ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​ហាម​មិន​ឲ្យ​ធ្វើ។

13. ព្រះ‌អម្ចាស់​ព្រមាន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា តាម​រយៈ​ព្យាការី និង​គ្រូ​ទាយ​ឆុត​ទាំង​អស់​ថា «ចូរ​បោះ‌បង់​ចោល​ផ្លូវ​អាក្រក់ ហើយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ទាំង​ស្រុង​នូវ​ក្រឹត្យ‌វិន័យ ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ផ្ទាល់ តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង»។

14. ប៉ុន្តែ ពួក​គេ​ពុំ​ស្ដាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូនតា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។

15. ពួក​គេ​បាន​បោះ‌បង់​ចោល​ច្បាប់​របស់​ព្រះ‌អង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះ‌អង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។

16. ពួក​គេ​បោះ‌បង់​ចោល​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ​បាល។

17. ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

18. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

19. រីឯ​ប្រជា‌ជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កើត​ទៅ​វិញ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 17