គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 17:28-37 Khmer Standard Version (KHSV)

28. ដូច្នេះ គេ​ទៅ​នាំ​បូជា‌ចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ បូជា‌ចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ​អំពី​របៀប ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

29. ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។

30. អ្នក​ក្រុង​បាប៊ី‌ឡូន​ធ្វើ​រូប​ព្រះ​សិកូត‌បេណូត អ្នក​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើ‌កាល អ្នក​ក្រុង​ហា‌ម៉ាត់​ធ្វើ​រូប​ព្រះ​អស៊ី‌ម៉ា។

31. អ្នក​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីប-‌ហាស និង​ព្រះ​ថើ‌ថាក អ្នក​ក្រុង​សេផា‌វែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាឡេក និង​ព្រះ​អណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វែម។

32. ប្រជា‌ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ដែរ ព្រម​ទាំង​តែង‌តាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ក្នុង​នាម​របស់​ពួក​គេ នៅ​តាម​កន្លែង​ទាំង​នោះ។

33. ពួក​គេ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀម‌ទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។

34. រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល។

35. ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​ចៅ​លោក​យ៉ាកុប ព្រម​ទាំង​បញ្ជា​ដល់​ពួក​គេ​ថា៖ «មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ ហើយ​ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ដែរ។ មិន​ត្រូវ​គោរព​បម្រើ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ឡើយ។

36. ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​តែ​មួយ​ប៉ុណ្ណោះ។

37. រីឯ​បញ្ញត្តិ ច្បាប់ វិន័យ ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អង្គ​បាន​ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិបត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 17