គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 17:23-34 Khmer Standard Version (KHSV)

23. ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។

24. ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។

25. នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

26. មាន​គេ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ព្រះ‌ករុណា​ជន្លៀស​ឲ្យ​ទៅ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​សា‌ម៉ារី ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ​ទេ។ ព្រះ​នៅ​ស្រុក​នោះ​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​ស្គាល់​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

27. ស្ដេច​ស្រុក​អាស្ស៊ីរី​បង្គាប់​ថា៖ «ចូរ​នាំ​បូជា‌ចារ្យ​សាម៉ារី​ម្នាក់ ដែល​អ្នក​រាល់​គ្នា​កៀរ​យក​ទៅ ឲ្យ​វិល​មក​ស្រុក​វិញ ដើម្បី​បង្ហាត់​បង្រៀន​របៀប​គោរព​ថ្វាយ‌បង្គំ​ព្រះ​របស់​ស្រុក​នោះ»។

28. ដូច្នេះ គេ​ទៅ​នាំ​បូជា‌ចារ្យ​ម្នាក់​ដែល​គេ​បាន​កៀរ​ពី​ស្រុក​សាម៉ារី ឲ្យ​វិល​មក​រស់​នៅ​បេត‌អែល​វិញ។ បូជា‌ចារ្យ​នោះ​បង្ហាត់​បង្រៀន​ពួក​គេ​អំពី​របៀប ដែល​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

29. ប៉ុន្តែ ប្រជា‌ជាតិ​នីមួយៗ​បាន​ធ្វើ​រូប​សំណាក​ព្រះ​របស់​ខ្លួន យក​ទៅ​តម្កល់​ក្នុង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​អ្នក​ស្រុក​សា‌ម៉ារី​ពី​មុន​បាន​សង់។ ប្រជា‌ជាតិ​នីមួយៗ​ធ្វើ​ដូច្នេះ នៅ​តាម​ក្រុង​នានា​ដែល​ពួក​គេ​រស់​នៅ។

30. អ្នក​ក្រុង​បាប៊ី‌ឡូន​ធ្វើ​រូប​ព្រះ​សិកូត‌បេណូត អ្នក​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើ‌កាល អ្នក​ក្រុង​ហា‌ម៉ាត់​ធ្វើ​រូប​ព្រះ​អស៊ី‌ម៉ា។

31. អ្នក​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីប-‌ហាស និង​ព្រះ​ថើ‌ថាក អ្នក​ក្រុង​សេផា‌វែម​យក​កូន​ប្រុស​របស់​ខ្លួន ទៅ​ធ្វើ​បូជា‌យញ្ញ ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ាឡេក និង​ព្រះ​អណា‌ម៉ាឡេក ជា​ព្រះ​នៃ​ក្រុង​សេផា‌វែម។

32. ប្រជា‌ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ដែរ ព្រម​ទាំង​តែង‌តាំង​អ្នក​ខ្លះ ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ក្នុង​នាម​របស់​ពួក​គេ នៅ​តាម​កន្លែង​ទាំង​នោះ។

33. ពួក​គេ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀម‌ទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។

34. រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ មិន​ប្រាកដ​ជា​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ចៅ​លោក​យ៉ាកុប ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 17