គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 17:15-25 Khmer Standard Version (KHSV)

15. ពួក​គេ​បាន​បោះ‌បង់​ចោល​ច្បាប់​របស់​ព្រះ‌អង្គ ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​ដូនតា​របស់​ពួក​គេ ពួក​គេ​មិន​អើពើ​នឹង​ដំបូន្មាន​ដែល​ព្រះ‌អង្គ​ព្រមាន​ពួក​គេ ហើយ​នាំ​គ្នា​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ​ដែរ។ ពួក​គេ​ជាប់​ពាក់‌ព័ន្ធ​នឹង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​ប្រជា‌ជាតិ​ដែល​ព្រះ‌អម្ចាស់​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​យក​តម្រាប់​តាម។

16. ពួក​គេ​បោះ‌បង់​ចោល​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​នាំ​គ្នា​សិត​ធ្វើ​រូប​កូន​គោ​ពីរ ដំឡើង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ និង​គោរព​បម្រើ​ព្រះ​បាល។

17. ពួក​គេ​យក​កូន​ប្រុស​កូន​ស្រី​ទៅ​ធ្វើ​បូជា‌យញ្ញ ពួក​គេ​តែងតែ​បញ្ជាន់​រូប និង​ប្រើ​មន្ត‌អាគម។ ពួក​គេ​បណ្ដោយ​ខ្លួន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ។

18. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ នៅ​សល់​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

19. រីឯ​ប្រជា‌ជន​យូដា​វិញ​ក៏​ដូច្នោះ​ដែរ ពួក​គេ​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ទេ តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​តាម​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្កើត​ទៅ​វិញ។

20. ដូច្នេះ ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។

21. កាល​ព្រះ‌អម្ចាស់​ផ្ដាច់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​តែង‌តាំង​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ឡើង​ជា​ស្ដេច។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​អូស​ទាញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ព្រម​ទាំង​នាំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទៀត​ផង។

22. កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត គឺ​ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ។

23. ហេតុ​នេះ ព្រះ‌អម្ចាស់​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​តាម​រយៈ​ព្យាការី​ទាំង​អស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន នាំ​ទៅ​ស្រុក​អាស្ស៊ីរី​រហូត​ដល់​សព្វ​ថ្ងៃ។

24. ស្ដេច​ស្រុក​អាស្ស៊ីរី​ជន្លៀស​ប្រជា‌ជន​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហា‌ម៉ាត់ និង​ក្រុង​សេផា‌វែម ឲ្យ​មក​រស់​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន‌ជាតិ​អ៊ីស្រា‌អែល។ អ្នក​ទាំង​នោះ​ចាប់​យក​ស្រុក​សា‌ម៉ារី​មក​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំ‌នៅ​តាម​ក្រុង​នានា។

25. នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 17