គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 17:1-11 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​អហាស​ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​ហូស៊ា ជា​កូន​របស់​លោក​អេឡា ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​បួន​ឆ្នាំ។

2. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​ពុំ​អាច​ប្រៀប​ស្មើ​នឹង​ស្ដេច​អ៊ីស្រា‌អែល​មុនៗ​ទេ។

3. គ្រា​នោះ ព្រះ‌ចៅ​សាលម៉ា‌នេស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌បាទ​ហូស៊ា។ ព្រះ‌បាទ​ហូស៊ា​ក៏​សុំ​ចុះ​ចូល ព្រម​ទាំង​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី​ផង។

4. ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​ជ្រាប​ថា ព្រះ‌បាទ​ហូស៊ា​មាន​គំនិត​ក្បត់ ដ្បិត​ព្រះ‌បាទ​ហូស៊ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​សូ ជា​ស្ដេច​ស្រុក​អេស៊ីប ព្រម​ទាំង​លែង​នាំ​សួយសារ‌អាករ ទៅ​ថ្វាយ​ស្ដេច​ជា​រៀង​រាល់​ឆ្នាំ​ដូច​មុន​ទៀត​ហើយ។ ដូច្នេះ ស្ដេច​ស្រុក​អាស្ស៊ីរី​ឲ្យ​គេ​ឃុំ‌ឃាំង​ព្រះ‌បាទ​ហូស៊ា​ក្នុង​គុក​មួយ ដោយ​ដាក់​ច្រវាក់​ផង។

5. បន្ទាប់​មក ស្ដេច​ស្រុក​អាស្ស៊ីរី​ឡើង​មក​វាយ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។

6. នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​ហូស៊ា ស្ដេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ស្រុក​អាស្ស៊ីរី ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។

7. ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​គេ ព្រះ‌អង្គ​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប តែ​ពួក​គេ​បែរ​ជា​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៅ​វិញ។

8. ពួក​គេ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ធ្វើ​តាម​ទម្លាប់​ផ្សេងៗ ដែល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្កើត​ឡើង​នោះ​ផង។

9. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី​ដោយ​លួច​លាក់ ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ នៅ​គ្រប់​ទីក្រុង​របស់​គេ គឺ​ចាប់​តាំង​ពី​ក្រុង​ដែល​មាន​ប៉ម​ចាំ​យាម រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។

10. ពួក​គេ​នាំ​គ្នា​ដំឡើង​ស្តូប និង​បង្គោល​ថ្វាយ​ព្រះ​អាសេ‌រ៉ា នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី។

11. នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដូច​ប្រជា‌ជាតិ​នានា ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 17