គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 15:1-19 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អសា‌រា ជា​បុត្រ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា

2. ក្នុង​ព្រះ‌ជន្មាយុ​ដប់​ប្រាំ​មួយ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

3. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។

4. ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ ប្រជា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។

5. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​អសា‌រា​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ស្ដេច​អស់​ព្រះ‌ជន្ម។ ស្ដេច​ត្រូវ​គង់​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ។ សម្ដេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

6. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អសា‌រា និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

7. ព្រះ‌បាទ​អសា‌រា​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​យ៉ូថាម ជា​បុត្រ ឡើង​ស្នង​រាជ្យ។

8. នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​សាការី ជា​បុត្រ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ‌រាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។

9. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ពួក​អយ្យ‌កោ​ដែរ គឺ​ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

10. គ្រា​នោះ លោក​សាលូម ជា​កូន​របស់​លោក​យ៉ាបេស បាន​ក្បត់​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ចំពោះ​មុខ​ប្រជា‌ជន រួច​ឡើង​សោយ​រាជ្យ​ជំនួស។

11. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​សាការី​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

12. ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បួន​តំណ»។

13. ព្រះ‌បាទ​សាលូម ជា​កូន​របស់​លោក​យ៉ាបេស ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បួន នៃ​រជ្ជកាល​ព្រះ‌បាទ​អូស្យ៉ាស ជា​ស្ដេច​ស្រុក​យូដា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ខែ នៅ​ក្រុង​សាម៉ារី។

14. លោក​មណា‌ហិម ជា​កូន​របស់​លោក​កាឌី បាន​ឡើង​ពី​ក្រុង​ធើសា​មក​ក្រុង​សាម៉ារី ធ្វើ​គុត​ព្រះ‌បាទ​សាលូម ជា​បុត្រ​របស់​លោក​យ៉ាបេស ហើយ​ក៏​ឡើង​សោយ​រាជ្យ​ជំនួស។

15. រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​សាលូម និង​គម្រោង‌ការ​ក្បត់ ដែល​ស្ដេច​រៀប‌ចំ​ប្រឆាំង​នឹង​ព្រះ‌បាទ​សាការី សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

16. គ្រា​នោះ ព្រះ‌បាទ​មណា‌ហិម​បាន​វាយ​យក​ក្រុង​ធីបសា និង​សម្លាប់​រង្គាល​អ្នក​ក្រុង​នោះ ព្រម​ទាំង​អ្នក​ស្រុក​ដែល​រស់​នៅ​តំបន់​ជុំ‌វិញ ចាប់​តាំង​ពី​ក្រុង​ធើសា​រហូត​មក។ ស្ដេច​វាយ​ប្រហារ​ក្រុង​នេះ ព្រោះ​គេ​មិន​បើក​ទ្វារ​ក្រុង​ទទួល​ស្ដេច។ ស្ដេច​បាន​វះ​ពោះ​ស្ត្រី​ទាំង​អស់​ដែល​មាន​គភ៌ នៅ​ក្នុង​ក្រុង​នោះ​ចោល​ផង។

17. នៅ​អំឡុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​អសា‌រា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​មណា‌ហិម ជា​កូន​របស់​លោក​កាឌី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​សោយ​រាជ្យ​បាន​ដប់​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

18. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​សោយ​រាជ្យ​នោះ ស្ដេច​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

19. គ្រា​នោះ ព្រះ‌ចៅ​ពូល ជា​ស្ដេច​ស្រុក​អាស្ស៊ីរី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រា‌អែល តែ​ព្រះ‌បាទ​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ថ្វាយ​ព្រះ‌ចៅ​ពូល សូម​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 15