គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 14:7-15 Khmer Standard Version (KHSV)

7. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បាន​ប្រហារ​កង‌ទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្ដេច​ដណ្ដើម​យក​បាន​ក្រុង​សេឡា ដែល​ស្ដេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌ធាល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

8. គ្រា​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ចូរ​ចេញ​មក យើង​ប្រយុទ្ធ​តទល់​គ្នា»។

9. ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។

10. ព្រះ‌ករុណា​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​មែន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ករុណា​មាន​មោទន‌ភាព។ ចូរ​អបអរ​សាទរ​នឹង​ជ័យ‌ជំនះ រួច​គង់​ក្នុង​ដំណាក់​ទៅ! ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ធ្វើ​សង្គ្រាម ដែល​បង្ក​ឲ្យ​វេទនា​ដូច្នេះ? ព្រះ‌ករុណា និង​ប្រជា‌ជន​យូដា​មុខ​ជា​បរា‌ជ័យ​មិន​ខាន»។

11. ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់​តាម​សេចក្ដី​ព្រមាន​នេះ​ទេ។ ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ក៏​ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេ‌មែស ជា​ក្រុង​របស់​យូដា។

12. កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​ឈ្នះ​កង‌ទ័ព​យូដា ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

13. ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាប់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស និង​ជា​ចៅ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ធ្វើ​ជា​ឈ្លើយ នៅ​បេត‌សេ‌មែស។ បន្ទាប់​មក ព្រះ‌បាទ​យ៉ូអាស​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​វាយ​បំបែក​កំពែង​ក្រុង ចាប់​តាំង​ពី​ទ្វារ​អេប្រាអ៊ីម​រហូត​ដល់​ទ្វារ​នៅ​ជ្រុង​កំពែង ដែល​មាន​ប្រវែង​បួន​រយ​ហត្ថ។

14. ស្ដេច​ប្រមូល​យក​មាស​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ​ទ្រព្យ ព្រម​ទាំង​នាំ​ចំណាប់​ខ្មាំង​វិល​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

15. រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 14