គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 14:20-29 Khmer Standard Version (KHSV)

20. គេ​យក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

21. ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។

22. ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អសា‌រា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា។

23. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។

24. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

25. ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ‌ប្រទល់​ទឹក​ដី​របស់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ថ្លែង​តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្យាការី​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ-‌ហេភើរ។

26. ព្រះ‌អម្ចាស់​ទត​ឃើញ​អ៊ីស្រា‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។

27. ព្រះ‌អម្ចាស់​ពុំ​សព្វ​ព្រះ‌ហឫទ័យ​លុប​ឈ្មោះ​អ៊ីស្រា‌អែល​ឲ្យ​បាត់​ពី​ផែនដី​ទេ។ ដូច្នេះ ព្រះ‌អង្គ​សង្គ្រោះ​ប្រជា‌ជន​នេះ តាម​រយៈ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស។

28. រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ការ​វាយ​ដណ្ដើម​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហា‌ម៉ាត់​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​យូដា មក​ដាក់​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​អ៊ីស្រា‌អែល សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

29. ព្រះ‌បាទ​យេរ៉ូ‌បោម​សោយ​ទិវង្គត ហើយ​គេ​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌បាទ​សាការី ជា​បុត្រ ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 14