គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 14:16-26 Khmer Standard Version (KHSV)

16. កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ នៃ​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ ក៏​ឡើង​ស្នង​រាជ្យ។

17. ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។

18. រាជ​កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

19. នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ឃុប‌ឃិត​គ្នា​ក្បត់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ដូច្នេះ ស្ដេច​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ក្រុង​ឡាគីស តែ​ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ដេញ​តាម​ព្រះ‌រាជា រហូត​ដល់​ក្រុង​ឡាគីស​ទៀត ហើយ​ធ្វើ​គុត​ស្ដេច​នៅ​ទី​នោះ។

20. គេ​យក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

21. ប្រជា‌ជន​នៅ​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​លើក​ព្រះ‌បាទ​អសា‌រា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ​វស្សា ឲ្យ​ឡើង​គ្រង​រាជ្យ​ត​ពី​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា។

22. ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អសា‌រា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា។

23. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រជ្ជកាល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។

24. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

25. ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​ព្រំ‌ប្រទល់​ទឹក​ដី​របស់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ថ្លែង​តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្យាការី​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ-‌ហេភើរ។

26. ព្រះ‌អម្ចាស់​ទត​ឃើញ​អ៊ីស្រា‌អែល​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ធ្ងន់‌ធ្ងរ គឺ​ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ហើយ​គ្មាន​នរណា​ម្នាក់​សង្គ្រោះ​ពួក​គេ​ឡើយ។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 14