ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 13 Khmer Standard Version (KHSV)

ព្រះ‌បាទ​យ៉ូអា‌ហាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

1. នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ​របស់​ព្រះ‌បាទ​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ប្រាំ‌ពីរ​ឆ្នាំ។

2. ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​ប្រព្រឹត្ត​អំពើ​បាប​ដូច​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែរ ស្ដេច​មិន​ងាក​ចេញ​ពី​ផ្លូវ​នោះ​ទេ។

3. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី និង​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហា‌សែល ក្នុង​អំឡុង​ពេល​ដ៏​យូរ។

4. ប៉ុន្តែ ព្រះ‌បាទ​យ៉ូអា‌ហាស​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​នេះ ដ្បិត​ព្រះ‌អង្គ​ទត​ឃើញ​ស្ដេច​ស្រុក​ស៊ីរី​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​អ៊ីស្រា‌អែល

5. ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មាន​អ្នក​ដឹក​នាំ​មួយ​រូប​មក​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ស៊ីរី និង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ក្នុង​ស្រុក​របស់​ខ្លួន​ដូច​កាល​ពី​មុន។

6. ប៉ុន្តែ ពួក​គេ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ត​ទៅ​ទៀត គឺ​សូម្បី​តែ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ក៏​មាន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ។

7. កង‌ទ័ព​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស​មាន​នៅ​សល់​ត្រឹម​តែ​ទ័ព​សេះ​ហា‌សិប​នាក់ រទេះ​ចំបាំង​ដប់ និង​កង‌ពល​ថ្មើរ​ជើង​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ដ្បិត​ស្ដេច​ស្រុក​ស៊ីរី​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់ ទុក​ទ័ព​ឲ្យ​នៅ​សេស‌សល់​បន្តិច‌បន្តួច ប្រៀប​ដូច​ជា​ធូលី​ដែល​គេ​ដើរ​ជាន់។

8. រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

9. កាល​ស្ដេច​សោយ‌ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

ព្រះ‌បាទ​យ៉ូអាស​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល

10. នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។

11. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប​ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្ដេច​ប្រព្រឹត្ត​តាម​ផ្លូវ​អាក្រក់​ដូច​គេ​ដែរ។

12. រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

13. កាល​ព្រះ‌បាទ​យ៉ូអាស​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៃ​រាជ‌វង្ស​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យេរ៉ូ‌បោម​ឡើង​ស្នង​រាជ្យ។

ព្យាការី​អេលីសេ​ទទួល​មរណ‌ភាព

14. នៅ​គ្រា​នោះ លោក​អេលីសេ​មាន​ជំងឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល យាង​មក​សួរ​សុខ​ទុក្ខ​លោក ស្ដេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​លោក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លោក​ឪពុក! លោក​ឪពុក​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រា‌អែល!»។

15. លោក​អេលីសេ​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក!»។ ស្ដេច​ក៏​យក​ធ្នូ និង​ព្រួញ​មក​កាន់។

16. ព្យាការី​ទូល​ព្រះ‌រាជា​ថា៖ «សូម​ព្រះ‌ករុណា​លើក​ធ្នូ​ឡើង​យឹត​ទៅ!»។ ព្រះ‌រាជា​ក៏​លើក​ធ្នូ​ឡើង ហើយ​យឹត។ លោក​អេលីសេ​ដាក់​ដៃ​លើ​ព្រះ‌ហស្ដ​ស្ដេច

17. រួច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះ‌បាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជំនះ​មក​ពី​ព្រះ‌អម្ចាស់ គឺ​ព្រួញ​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ស៊ីរី។ ព្រះ‌ករុណា​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។

18. លោក​អេលីសេ​ទូល​ព្រះ‌រាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។

19. អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក្រេវ‌ក្រោធ​នឹង​ព្រះ‌រាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​ឈ្នះ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។

20. បន្ទាប់​មក លោក​អេលីសេ​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​យក​សព​លោក​ទៅ​បញ្ចុះ។ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន‌ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។

21. ថ្ងៃ​មួយ អ្នក​ស្រុក​បាន​យក​សព​មនុស្ស​ម្នាក់​ទៅ​បញ្ចុះ ស្រាប់​តែ​ជួប​ប្រទះ​នឹង​ទាហាន​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​ក៏​បោះ​សព​នោះ​ក្នុង​ផ្នូរ​របស់​ព្យាការី។ ពេល​សព​នោះ​ធ្លាក់​ទៅ​ប៉ះ​លើ​ធាតុ​របស់​លោក​អេលីសេ គេ​ក៏​រស់​ឡើង​វិញ ហើយ​ក្រោក​ឈរ។

22. ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូអា‌ហាស ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី តែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា‌និច្ច។

23. ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះ‌អង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះ‌អង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ដែរ។

24. ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី សោយ​ទិវង្គត ហើយ​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ ឡើង​ស្នង​រាជ្យ។

25. ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​ពី​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហាសែល យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះ‌បាទ​យ៉ូអាស​វាយ​ព្រះ‌បាទ​បេនហា‌ដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​មក​វិញ។