គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 11:11-20 Khmer Standard Version (KHSV)

11. ពល​ទាហាន​ប្រដាប់​អាវុធ​គ្រប់ៗ​ដៃ ឈរ​យាម​នៅ​មុខ​ព្រះ‌ដំណាក់ និង​នៅ​ជិត​អាសនៈ​ចាប់​ពី​ប៉ែក​ខាង​ស្ដាំ​រហូត​ដល់​ប៉ែក​ខាង​ឆ្វេង​ព្រះ‌ដំណាក់ ដើម្បី​ការ‌ពារ​ព្រះ​មហា‌ក្សត្រ។

12. ពេល​នោះ លោក​បូជា‌ចារ្យ​យាង​ព្រះ​រាជ‌បុត្រ​របស់​ស្ដេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ថ្វាយ​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​ចាក់​ប្រេង​អភិ‌សេក​រាជ‌កុមារ​តែង‌តាំង​ជា​ស្ដេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ព្រះ​មហា‌ក្សត្រ!»។

13. កាល​ព្រះ‌នាង​អថា‌លា​ឮ​សម្រែក​ពល​ទាហាន និង​ប្រជា‌ជន ព្រះ‌នាង​ក៏​យាង​ទៅ​មើល​ពួក​គេ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

14. ព្រះ‌នាង​ទត​ឃើញ​ព្រះ​មហា‌ក្សត្រ​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់ ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ ព្រះ‌នាង​អថា‌លា​ហែក​ព្រះ‌ភូសា ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។

15. លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បញ្ជា​ពួក​មេ‌ទ័ព​ដែល​គ្រប់‌គ្រង​លើ​ពល​ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ! បើ​នរណា​គាំទ្រ​ព្រះ‌នាង ចូរ​សម្លាប់​ដោយ​មុខ​ដាវ​ទៅ!»។ លោក​បូជា‌ចារ្យ​មាន​ប្រសាសន៍​ទៀត​ថា៖ «មិន​ត្រូវ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ!»។

16. គេ​ចាប់​ព្រះ‌នាង​នាំ​ទៅ​វាំង​វិញ។ កាល​មក​ដល់​ខ្លោង​ទ្វារ​សេះ គេ​ប្រហារ​ជីវិត​ព្រះ‌នាង​នៅ​ទី​នោះ។

17. លោក​យេហូ‌យ៉ាដា​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ‌អម្ចាស់ ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​រវាង​ព្រះ​មហា‌ក្សត្រ និង​ប្រជា‌រាស្ត្រ​ដែរ។

18. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

19. បន្ទាប់​មក លោក​នាំ​ពួក​មេ‌ទ័ព ពួក​នាយ​ទាហាន​ហ្លួង​ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ព្រះ​មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ព្រះ‌បាទ​យ៉ូអាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។

20. ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អបអរ​សាទរ ហើយ​ទីក្រុង​ក៏​បាន​សុខ‌សាន្ត។ គេ​បាន​ប្រហារ​ជីវិត​ព្រះ‌នាង​អថា‌លា​នៅ​ក្នុង​វាំង។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 11