គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 10:7-20 Khmer Standard Version (KHSV)

7. ពេល​ពួក​មេ​ដឹក​នាំ​នៃ​ក្រុង​សាម៉ារី​ទទួល​សារ​របស់​លោក​យេហ៊ូវ គេ​នាំ​គ្នា​ចាប់​បុត្រា​របស់​ស្ដេច​ទាំង​ចិត‌សិប​អង្គ​នោះ មក​កាត់​ក យក​ក្បាល​ដាក់​ក្នុង​កព្ឆោ នាំ​ទៅ​ជូន​លោក​យេហ៊ូវ​នៅ​ក្រុង​យេសរាល។

8. អ្នក​នាំ​សារ​ម្នាក់​រត់​ទៅ​ជម្រាប​លោក​យេហ៊ូវ​ថា គេ​នាំ​ក្បាល​របស់​កូន​ស្ដេច​មក​ហើយ។ លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​យក​ក្បាល​ទាំង​នោះ​ទៅ​ដាក់​ជា​ពីរ​គំនរ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង រហូត​ដល់​ព្រឹក​ស្អែក»។

9. លុះ​ព្រឹក​ឡើង លោក​យេហ៊ូវ​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ហើយ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​គ្មាន​ទោស​អ្វី​ទេ! គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច ព្រម​ទាំង​ធ្វើ​គុត​ស្ដេច​ទៀត​ផង។ រីឯ​អ្នក​ទាំង​នេះ​វិញ តើ​នរណា​ជា​អ្នក​សម្លាប់?

10. ដូច្នេះ សូម​អ្នក​រាល់​គ្នា​ជ្រាប​ថា ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រឆាំង​នឹង​រាជ‌វង្ស​របស់​ស្ដេច​អហាប់ សុទ្ធ​តែ​បាន​សម្រេច​ឥត​ខ្វះ​ត្រង់​ណា​ឡើយ! ព្រះ‌អម្ចាស់​បាន​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​អេលីយ៉ា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។

11. លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​យេសរាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជា‌ចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។

12. បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល

13. លោក​បាន​ជួប​នឹង​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បង‌ប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច​ចំពោះ​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ និង​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី»។

14. លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។

15. កាល​លោក​យេហ៊ូវ​ចេញ​ដំណើរ​ពី​ទី​នោះ​ទៅ លោក​បាន​ជួប​នឹង​លោក​យ៉ូ‌ណា‌ដាប់ ជា​កូន​របស់​លោក​រេកាប ដែល​ដើរ​តម្រង់​មក​រក​លោក។ លោក​យេហ៊ូវ​ជម្រាប​សួរ​គាត់ ហើយ​សួរ​ថា៖ «តើ​លោក​មាន​ចិត្ត​ស្មោះ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ចំពោះ​លោក​ដែរ​ឬ​ទេ?»។ លោក​យ៉ូណា‌ដាប់​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្មោះ​មែន»។ លោក​យេហ៊ូវ​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​ដូច្នោះ​មែន សូម​ហុច​ដៃ​មក៍!»។ លោក​យ៉ូ‌ណា‌ដាប់​ក៏​ហុច​ដៃ ហើយ​លោក​យេហ៊ូវ​ចាប់​ដៃ​គាត់ ទាញ​ឡើង​ជិះ​រទេះ​ជា​មួយ​លោក។

16. លោក​យេហ៊ូវ​មាន​ប្រសាសន៍​ថា៖ «សូម​មក​ជា​មួយ​ខ្ញុំ នោះ​លោក​នឹង​ឃើញ​ចិត្ត​ស្រឡាញ់​មោះ‌មុត​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!»។ លោក​យេហ៊ូវ​ក៏​នាំ​លោក​យ៉ូ‌ណា‌ដាប់​ឡើង​ជិះ​រទេះ​ទៅ​ជា​មួយ​លោក។

17. លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​តាម​រយៈ​លោក​អេលីយ៉ា។

18. លោក​យេហ៊ូវ​ប្រមូល​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​សាម៉ារី ហើយ​ប្រកាស​ថា៖ «ព្រះ‌បាទ​អហាប់​ធ្លាប់​គោរព​ព្រះ​បាល​តែ​បន្តិច‌បន្តួច​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​គោរព​ព្រះ​បាល​យ៉ាង​ម៉ត់‌ចត់​បំផុត។

19. ឥឡូវ​នេះ ចូរ​ប្រមូល​ពួក​ព្យាការី ពួក​អ្នក​គោរព​បម្រើ និង​ពួក​បូជា‌ចារ្យ​ទាំង​អស់​របស់​ព្រះ​បាល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​យើង។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ ដ្បិត​ខ្ញុំ​ចង់​ថ្វាយ​យញ្ញ‌បូជា​មួយ​យ៉ាង​ធំ​ចំពោះ​ព្រះ​បាល។ បើ​នរណា​ម្នាក់​អាក់‌ខាន​នឹង​ត្រូវ​ប្រហារ​ជីវិត»។ លោក​យេហ៊ូវ​ប្រើ​ឧបាយ‌កល​ដូច្នេះ ដើម្បី​លុប​បំបាត់​ពួក​អ្នក​គោរព​បម្រើ​ព្រះ​បាល​ឲ្យ​អស់។

20. លោក​យេហ៊ូវ​បញ្ជា​ឲ្យ​គេ​រៀបចំ​អង្គ​ប្រជុំ​ដ៏​សក្ការៈ​មួយ ថ្វាយ​ព្រះ​បាល។ គេ​ក៏​ប្រកាស​ដំណឹង​នេះ

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 10