គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 10:24-36 Khmer Standard Version (KHSV)

24. ពេល​នោះ លោក​យេហ៊ូវ និង​លោក​យ៉ូ‌ណា‌ដាប់​ក៏​ចូល​ទៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត​ទាំង​មូល​ដែរ។លោក​យេហ៊ូវ​បាន​ដាក់​ទាហាន​ប៉ែត‌សិប​នាក់​ឲ្យ​ចាំ​នៅ​ខាង​ក្រៅ ដោយ​បញ្ជា​ថា៖ «ខ្ញុំ​ប្រគល់​អ្នក​ទាំង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ អ្នក​ណា​បណ្ដោយ​ឲ្យ​មនុស្ស​ម្នាក់​រត់​រួច អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជំនួស»។

25. ពេល​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូវ​បញ្ជា​ទៅ​ពល​ទាហាន និង​នាយ​ទាហាន​ទ័ព​សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាក‌សព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទី‌សក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។

26. ពួក​គេ​យក​ស្តូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។

27. ក្រោយ​ពី​បាន​ដុត​បំផ្លាញ​ស្តូប​របស់​ព្រះ​បាល​ចោល​ហើយ ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​រហូត​ដល់​សព្វ​ថ្ងៃ។

28. ព្រះ‌បាទ​យេហ៊ូវ​លុប​បំបាត់​ការ​គោរព​ព្រះ​បាល​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល

29. ប៉ុន្តែ ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត ដោយ​គោរព​រូប​គោ​មាស​នៅ​បេត‌អែល និង​ក្រុង​ដាន់​ឡើយ។

30. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​បួន​តំណ»។

31. ប៉ុន្តែ ព្រះ‌បាទ​យេហ៊ូវ​ពុំ​ព្យាយាម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ៊ីស្រា‌អែល​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ គឺ​ទ្រង់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត បាន​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

32. តាំង​ពី​ពេល​នោះ​មក ព្រះ‌អម្ចាស់​ចាប់​ផ្ដើម​កាត់​បន្ថយ​ទឹក​ដី​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី វាយ​តាម​ព្រំ‌ប្រទល់​ទាំង​ប៉ុន្មាន​ដែល​ជាប់​នឹង​ស្រុក​អ៊ីស្រា‌អែល

33. គឺ​ចាប់​តាំង​ពី​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ស្រុក​កាឡាដ​ទាំង​មូល ស្រុក​កាដ រូបេន និង​ម៉ាណា‌សេ ហើយ​ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​ស្ថិត​នៅ​មាត់​ស្ទឹង​អើណូន ព្រម​ទាំង​ស្រុក​កាឡាដ និង​បាសាន​ផង។

34. រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យេហ៊ូវ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​គ្រប់​យ៉ាង​របស់​ស្ដេច សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

35. ព្រះ‌បាទ​យេហ៊ូវ​សោយ‌ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី ហើយ​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បុត្រ ឡើង​ស្នង​រាជ្យ។

36. ព្រះ‌បាទ​យេហ៊ូវ​សោយ‌រាជ្យ​បាន​ម្ភៃ​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​សាម៉ារី។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 10