គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 1:1-9 Khmer Standard Version (KHSV)

1. ក្រោយ​ពី​ព្រះ‌បាទ​អហាប់​សោយ​ទិវង្គត ជន‌ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

2. ថ្ងៃ​មួយ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះ‌ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ទ្រង់​អាច​ជា​សះ‌ស្បើយ​ពី​របួស​នេះ​ឬ​ទេ?

3. ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលីយ៉ា ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សា‌ម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?”

4. ហេតុ​នេះ​ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលីយ៉ា​ក៏​ចាក​ចេញ​ទៅ។

5. ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្ដេច​វិញ ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។

6. ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្ដេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។

7. ស្ដេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប​រាង​ដូច​ម្ដេច?»។

8. ពួក​គេ​ទូល​ស្ដេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលីយ៉ា អ្នក​ស្រុក​ធេស‌ប៊ី!»

9. ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​លោក​អេលីយ៉ា។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលីយ៉ា ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា»។

សូមអានជំពូកពេញលេញ ២ ពង្សា‌វតារ‌ក្សត្រ 1