គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 9:6-17 Khmer Standard Version (KHSV)

6. អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិ​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​លោក​មើល៍ លោក​ប្រហែល​ជា​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។

7. លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំប៉័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សម្រាប់​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។

8. អ្នក​បម្រើ​ពោល​ជម្រាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។

9. ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​គេ​ទៅ​ទូល​សូម​អ្វី​ពី​ព្រះ‌ជាម្ចាស់ គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​គ្រូ​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា​ព្យាការី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «គ្រូ​ទាយ»។

10. លោក​សូល​តប​ទៅ​អ្នក​បម្រើ​វិញ​ថា៖ «យោបល់​ល្អ! តោ៎ះ យើង​ទៅ!»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​រស់​នៅ។

11. ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។

12. នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! លោក​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់‌ប្រញាល់​ទៅ ថ្ងៃ​នេះ លោក​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជា‌ជន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់!

13. ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជា‌ជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​ឲ្យ​ពរ​យញ្ញ‌បូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។

14. អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ ពេល​ចូល​ទៅ​ក្នុង​ភូមិ ពួក​គេ​ជួប​លោក​សាំយូ‌អែល ចំ​ពេល​លោក​ឡើង​ទៅ​កាន់​កន្លែង​សក្ការៈ។

15. មួយ​ថ្ងៃ​មុន​លោក​សូល​មក​ដល់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​សាំយូ‌អែល

16. ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។

17. ពេល​លោក​សាំយូ‌អែល​ឃើញ​លោក​សូល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌ជន​របស់​យើង»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 9