គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 9:1-8 Khmer Standard Version (KHSV)

1. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អបៀល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅ‌ទួត​របស់​លោក​បេកូ‌រ៉ា ក្នុង​អំបូរ​អភី‌យ៉ា។ លោក​គីស​ជា​អភិ‌ជន​មួយ​រូប

2. លោក​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវជន​នេះ​ឡើយ ហើយ​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។

3. ថ្ងៃ​មួយ លា​ញី​មួយ​ចំនួន​របស់​លោក​គីស ជា​ឪពុក​របស់​លោក​សូល វង្វេង​បាត់។ លោក​គីស​ក៏​ប្រាប់​ទៅ​លោក​សូល ជា​កូន​ថា៖ «ចូរ​នាំ​អ្នក​បម្រើ​ម្នាក់​មក ហើយ​ទៅ​តាម​រក​លា​ញី​ទាំង​នោះ​ចុះ»។

4. លោក​សូល​ដើរ​កាត់​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ស្រុក​សាលី‌សា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​បេន‌យ៉ាមីន ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។

5. កាល​ទៅ​ដល់​តំបន់​ស៊ូភ លោក​សូល​ពោល​ទៅ​កាន់​អ្នក​បម្រើ ដែល​មក​ជា​មួយ​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រែង​លោ​ឪពុក​របស់​ខ្ញុំ​លែង​គិត​ដល់​លា​ញី​ទាំង​នោះ ហើយ​បែរ​ជា​ព្រួយ​បារម្ភ​ពី​ពួក​យើង​វិញ»។

6. អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិ​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​លោក​មើល៍ លោក​ប្រហែល​ជា​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។

7. លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំប៉័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សម្រាប់​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។

8. អ្នក​បម្រើ​ពោល​ជម្រាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 9