ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 9 Khmer Standard Version (KHSV)

លោក​សូល​ស្វែង​រក​សត្វ​លា​ដែល​បាត់

1. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អបៀល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅ‌ទួត​របស់​លោក​បេកូ‌រ៉ា ក្នុង​អំបូរ​អភី‌យ៉ា។ លោក​គីស​ជា​អភិ‌ជន​មួយ​រូប

2. លោក​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវជន​នេះ​ឡើយ ហើយ​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។

3. ថ្ងៃ​មួយ លា​ញី​មួយ​ចំនួន​របស់​លោក​គីស ជា​ឪពុក​របស់​លោក​សូល វង្វេង​បាត់។ លោក​គីស​ក៏​ប្រាប់​ទៅ​លោក​សូល ជា​កូន​ថា៖ «ចូរ​នាំ​អ្នក​បម្រើ​ម្នាក់​មក ហើយ​ទៅ​តាម​រក​លា​ញី​ទាំង​នោះ​ចុះ»។

4. លោក​សូល​ដើរ​កាត់​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ស្រុក​សាលី‌សា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​បេន‌យ៉ាមីន ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។

5. កាល​ទៅ​ដល់​តំបន់​ស៊ូភ លោក​សូល​ពោល​ទៅ​កាន់​អ្នក​បម្រើ ដែល​មក​ជា​មួយ​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រែង​លោ​ឪពុក​របស់​ខ្ញុំ​លែង​គិត​ដល់​លា​ញី​ទាំង​នោះ ហើយ​បែរ​ជា​ព្រួយ​បារម្ភ​ពី​ពួក​យើង​វិញ»។

6. អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិ​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​លោក​មើល៍ លោក​ប្រហែល​ជា​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។

7. លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំប៉័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សម្រាប់​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។

8. អ្នក​បម្រើ​ពោល​ជម្រាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។

9. ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​គេ​ទៅ​ទូល​សូម​អ្វី​ពី​ព្រះ‌ជាម្ចាស់ គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​គ្រូ​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា​ព្យាការី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «គ្រូ​ទាយ»។

10. លោក​សូល​តប​ទៅ​អ្នក​បម្រើ​វិញ​ថា៖ «យោបល់​ល្អ! តោ៎ះ យើង​ទៅ!»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​រស់​នៅ។

11. ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។

12. នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! លោក​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់‌ប្រញាល់​ទៅ ថ្ងៃ​នេះ លោក​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជា‌ជន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់!

13. ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជា‌ជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​ឲ្យ​ពរ​យញ្ញ‌បូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។

លោក​សូល​ទៅ​ជួប​លោក​សាំយូ‌អែល

14. អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ ពេល​ចូល​ទៅ​ក្នុង​ភូមិ ពួក​គេ​ជួប​លោក​សាំយូ‌អែល ចំ​ពេល​លោក​ឡើង​ទៅ​កាន់​កន្លែង​សក្ការៈ។

15. មួយ​ថ្ងៃ​មុន​លោក​សូល​មក​ដល់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​សាំយូ‌អែល

16. ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។

17. ពេល​លោក​សាំយូ‌អែល​ឃើញ​លោក​សូល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌ជន​របស់​យើង»។

18. លោក​សូល​ចូល​ទៅ​ជិត​លោក​សាំយូ‌អែល​នៅ​មាត់​ច្រក ហើយ​សួរ​ថា៖ «សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​បាទ​ផង ផ្ទះ​លោក​គ្រូ​ទាយ​នៅ​ឯ​ណា?»។

19. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​តប​ទៅ​លោក​សូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ​គ្រូ​ទាយ។ សូម​អញ្ជើញ​នាំ​មុខ​ខ្ញុំ ឡើង​ទៅ​កន្លែង​សក្ការៈ សូម​លោក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ​ថ្ងៃ​នេះ ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជម្រាប​លោក​នូវ​អ្វីៗ​ដែល​លោក​ចង់​ដឹង រួច​សឹម​លោក​អញ្ជើញ​ទៅ​ចុះ!

20. សូម​កុំ​ព្រួយ​បារម្ភ​នឹង​លា​ញី ដែល​វង្វេង​បាត់​កាល​ពី​បី​ថ្ងៃ​មុន​នោះ​ឡើយ ដ្បិត​គេ​រក​វា​ឃើញ​វិញ​ហើយ។ ប៉ុន្តែ សូម​ជ្រាប​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​លោក និង​គ្រួសារ​របស់​លោក​ទាំង​មូល​តែ​ម្ដង»។

21. លោក​សូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​បាទ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​កុល‌សម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អំបូរ​របស់​ខ្ញុំ​បាទ​ក៏​តូច​ជាង​គេ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែរ»។

22. លោក​សាំយូ‌អែល​នាំ​លោក​សូល និង​អ្នក​បម្រើ​ចូល​ក្នុង​បន្ទប់ ហើយ​ជូន​កន្លែង​កិត្តិយស​បំផុត​ដល់​លោក នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​មាន​ចំនួន​ប្រមាណ​សាម‌សិប​នាក់។

23. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។

24. អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​លោក​សាំយូ‌អែល។

25. បន្ទាប់​មក លោក​ទាំង​ពីរ​ចុះ​ពី​កន្លែង​សក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​លោក​សាំយូ‌អែល​សំណេះ‌សំណាល​ជា​មួយ​លោក​សូល​នៅ​ខាង​លើ​ផ្ទះ។

26. លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។

27. កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​លោក​ឲ្យ​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់»។