គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 7:6-16 Khmer Standard Version (KHSV)

6. ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​គេ​បាន​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ​នៅ​ថ្ងៃ​នោះ។ ពួក​គេ​សារ‌ភាព​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ព្រះ‌អម្ចាស់»។ លោក​សាំយូ‌អែល​គ្រប់‌គ្រង​ប្រជា‌ជន​អ៊ីស្រា‌អែល នៅ​មីស‌ប៉ា។

7. កាល​ជន‌ជាតិ​ភីលីស្ទីន​បាន​ឮ​ដំណឹង​ថា ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា ពួក​ស្ដេច​ត្រាញ់​របស់​ជន‌ជាតិ​ភីលីស្ទីន​ក៏​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ភ័យ​ខ្លាច​ជា​ខ្លាំង។

8. ពួក​គេ​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! តែ​សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន»។

9. លោក​សាំយូ‌អែល​បាន​យក​កូន​ចៀម​មួយ​ដែល​នៅ​បៅ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់ រួច​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​លោក​វិញ។

10. នៅ​ពេល​លោក​សាំយូ‌អែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត កង‌ទ័ព​ភីលីស្ទីន​ចូល​មក​វាយ​លុក​ជន‌ជាតិ​អ៊ីស្រា‌អែល។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់​ឮ​យ៉ាង​ខ្លាំង​ពី​លើ​ពួក​ភីលីស្ទីន បណ្ដាល​ឲ្យ​ពួក​គេ​ជ្រួល‌ច្របល់ បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។

11. កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ពី​មីស‌ប៉ា ដេញ​តាម​ប្រហារ​ពួក​ភីលីស្ទីន រហូត​ដល់​បេត‌កា។

12. លោក​សាំយូ‌អែល​បាន​យក​ថ្ម​មក​ដាក់​នៅ​ចន្លោះ​មីស‌ប៉ា និង​សេន ហើយ​ដាក់​ឈ្មោះ​ថ្ម​នោះ​ថា​អេបេន-‌អេ‌ស៊ើរ ដោយ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​យើង​រហូត​ដល់​ពេល​នេះ។

13. កង‌ទ័ព​ភីលីស្ទីន​បាក់‌ស្បាត​លែង​ហ៊ាន​លុក‌លុយ​ទឹក​ដី​អ៊ីស្រា‌អែល​ទៀត។ ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធា‌នុភាព ប្រឆាំង​នឹង​ជន‌ជាតិ​ភីលីស្ទីន អស់​មួយ​ជីវិត​របស់​លោក​សាំយូ‌អែល។

14. ក្រុង​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​វាយ​ដណ្ដើម​យក​ពី​អ៊ីស្រា‌អែល​នោះ គឺ​ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​កាថ និង​តំបន់​ជិត​ខាង បាន​ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​អ៊ីស្រា‌អែល ជន‌ជាតិ​អ៊ីស្រា‌អែល​រំដោះ​យក​ទឹក​ដី​ទាំង​នោះ ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ មួយ​វិញ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​អាម៉ូរី ក៏​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ជា​មួយ​គ្នា​ដែរ។

15. លោក​សាំយូ‌អែល​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។

16. រៀង​រាល់​ឆ្នាំ លោក​តែង​ធ្វើ​ដំណើរ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល ពី​បេត‌អែល​ទៅ​គីល‌កាល់ និង​មីស‌ប៉ា ហើយ​លោក​កាត់​ក្ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 7