គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 6:1-16 Khmer Standard Version (KHSV)

1. ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ទឹក​ដី​ភីលីស្ទីន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ខែ។

2. ជន‌ជាតិ​ភីលីស្ទីន​ហៅ​ពួក​បូជា‌ចារ្យ និង​គ្រូ​ទាយ​របស់​ពួក​គេ​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ‌អម្ចាស់? សូម​ប្រាប់​យើង​មក តើ​យើង​ត្រូវ​បញ្ជូន​ហិប​នេះ​ទៅ​កន្លែង​ដើម​វិញ​ដោយ​វិធី​ណា?»។

3. ពួក​គេ​តប​មក​វិញ​ថា៖ «បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​វិញ សូម​កុំ​បញ្ជូន​ទៅ​ដោយ​ឥត​ផ្ញើ​អ្វី​ទៅ​ជា​មួយ​ឡើយ គឺ​ត្រូវ​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​អ្នក​រាល់​គ្នា​ជា​សះ‌ស្បើយ ហើយ​ដឹង​អំពី​មូល​ហេតុ​ដែល​ព្រះ‌អង្គ​ដាក់​ទោស​អ្នក​រាល់​គ្នា»។

4. ជន‌ជាតិ​ភីលីស្ទីន​សួរ​ទៀត​ថា៖ «តើ​យើង​ត្រូវ​យក​តង្វាយ​អ្វី​ទៅ​ថ្វាយ ដើម្បី​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ?»។ ពួក​បូជា‌ចារ្យ និង​ពួក​គ្រូ​ទាយ​ឆ្លើយ​ថា៖ «សូម​យក​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស​ចំនួន​ប្រាំ និង​រូប​កណ្ដុរ​មាស​ប្រាំ ស្រប​តាម​ចំនួន​ស្ដេច​ត្រាញ់​ទាំង​ប្រាំ នៃ​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ស្ដេច​ត្រាញ់​ទាំង​ប្រាំ សុទ្ធ​តែ​បាន​រង​គ្រោះ​កាច​ដូចៗ​គ្នា។

5. ចូរ​ឆ្លាក់​រូប​ឫស‌ដូង‌បាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ព្រះ‌អង្គ​ប្រហែល​ជា​នឹង​បន្ធូរ​បន្ថយ​ទណ្ឌ‌កម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។

6. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ដូច​ជន‌ជាតិ​អេស៊ីប និង​ព្រះចៅ​ផារ៉ោន​ដូច្នេះ? ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។

7. ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។

8. ចូរ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដាក់​លើ​រទេះ រួច​យក​វត្ថុ​ធ្វើ​អំពី​មាស​ដាក់​ក្នុង​ប្រអប់​មួយ ជិត​ហិប។ វត្ថុ​ទាំង​នោះ​ជា​តង្វាយ សម្រាប់​សូម​ព្រះ‌អង្គ​លើក‌លែង​ទោស។ បន្ទាប់​មក ទុក​ឲ្យ​មេ​គោ​នាំ​ហិប​នោះ​ចេញ​ទៅ ដោយ​គ្មាន​អ្នក​បរ។

9. ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រា‌អែល​ត្រង់​បេតសេ‌ម៉េស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។

10. ជន‌ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។

11. ពួក​គេ​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស និង​រូប​ឫស‌ដូង‌បាត​ធ្វើ​អំពី​មាស​ដាក់​លើ​រទេះ។

12. មេ​គោ​ទាំង​នោះ​ដើរ​តម្រង់​ទៅ​កាន់​បេត‌សេ‌ម៉េស វា​ដើរ​តាម​ផ្លូវ ទាំង​ស្រែក​រោទ៍ តែ​មិន​ងាក​ឆ្វេង ងាក​ស្ដាំ​ឡើយ។ ស្ដេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​ដើរ​តាម​ក្រោយ​រទេះ​នោះ រហូត​ដល់​ព្រំ‌ប្រទល់​បេត‌សេ‌ម៉េស។

13. ពេល​នោះ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​កំពុង​តែ​ច្រូត​ស្រូវ នៅ​តាម​ជ្រលង​ភ្នំ។ កាល​ពួក​គេ​ងើប​មុខ​ឡើង ក្រឡេក​មើល​ទៅ ឃើញ​ហិប​នោះ​មក​ដល់ ពួក​គេ​ត្រេក​អរ​យ៉ាង​ខ្លាំង។

14. រទេះ​មក​ដល់​ចម្ការ​របស់​លោក​យ៉ូស្វេ ជា​អ្នក​ភូមិ​បេត‌សេ‌ម៉េស ហើយ​ឈប់​នៅ​ទី​នោះ ជិត​ផ្ទាំង​សិលា​ធំ​មួយ។ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ពុស​រទេះ​ធ្វើ​ជា​អុស ហើយ​យក​មេ​គោ​ទាំង​ពីរ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។

15. ពួក​លេវី​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​ដាក់​វត្ថុ​ធ្វើ​អំពី​មាស​ជាប់​មក​ជា​មួយ ទៅ​ដាក់​លើ​ផ្ទាំង​សិលា។ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។

16. កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ហើយ ស្ដេច​ត្រាញ់​ទាំង​ប្រាំ​នៃ​ជន‌ជាតិ​ភីលីស្ទីន​វិល​ត្រឡប់​មក​ក្រុង​អេក្រូន​វិញ នៅ​ថ្ងៃ​ដដែល។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 6