8. ពួកគេចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។
9. កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេឲ្យកើតឫសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។
10. ដូច្នេះ ពួកគេបញ្ជូនហិបរបស់ព្រះជាម្ចាស់ទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលមកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។
11. ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
12. អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសម្រែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។