1. ពួកភីលីស្ទីនដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅក្រុងអាសដូឌ។
2. ពួកភីលីស្ទីនយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។
3. លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។
4. លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។
5. ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។
6. ព្រះអម្ចាស់សម្តែងឫទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូឌ គឺព្រះអង្គបង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតឫសដូងបាត។
7. កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកយើងឡើយ ដ្បិតឫទ្ធានុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។