គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 4:13-20 Khmer Standard Version (KHSV)

13. កាល​បុរស​នោះ​មក​ដល់ លោក​អេលី​កំពុង​តែ​អង្គុយ​លើ​កៅ‌អី រង់‌ចាំ​នៅ​មាត់​ផ្លូវ ចិត្ត​របស់​លោក​អន្ទះ‌សា ដោយ​នឹក​បារម្ភ​អំពី​ហិប​នៃ​ព្រះ‌ជាម្ចាស់។ បុរស​នោះ​ចូល​មក​ក្នុង​ទីក្រុង រួច​ប្រកាស​ដំណឹង​ដល់​ប្រជា‌ជន។ អ្នក​ក្រុង​ទាំង​មូល​នាំ​គ្នា​ស្រែក​យំ​យ៉ាង​ខ្លោច‌ផ្សា។

14. កាល​ឮ​ប្រជា‌ជន​ស្រែក​យំ​ដូច្នេះ លោក​អេលី​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​មាន​សម្រែក​អឺង‌កង​យ៉ាង​នេះ?»។ បុរស​នោះ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជម្រាប​ដំណឹង​ដល់​លោក។

15. នៅ​គ្រា​នោះ លោក​អេលី​មាន​អាយុ​កៅ‌សិប​ប្រាំ​បី​ឆ្នាំ​ហើយ ភ្នែក​របស់​លោក​ងងឹត​មើល​អ្វី​លែង​ឃើញ។

16. បុរស​នោះ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​ប្របាទ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាង‌ម៉េច​ទៅ​ហើយ កូន​អើយ?»។

17. បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​លោក​ថា៖ «ពួក​អ៊ីស្រា‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូប‌នី និង​ភីនេ‌ហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។

18. ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​ព្រះ‌ជាម្ចាស់​មិន​ទាន់​ចប់​ស្រួល‌បួល​ផង លោក​អេលី​ធ្លាក់​ពី​កៅ‌អី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​លោក​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។

19. រីឯ​កូន​ប្រសា​ស្រី​របស់​លោក​អេលី គឺ​ប្រពន្ធ​របស់​លោក​ភីនេ‌ហាស មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ហើយ។ កាល​នាង​ទទួល​ដំណឹង​ថា គេ​បាន​ដណ្ដើម​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឪពុក​ក្មេក និង​ប្ដី​របស់​នាង​ក៏​ស្លាប់​ដែរ នោះ​នាង​ទន់​ជង្គង់ ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ហើយ​សម្រាល​កូន។

20. ពេល​នាង​ជិត​ផុត​ដង្ហើម ពួក​ស្រីៗ​ដែល​នៅ​ឈរ​ក្បែរ​នាង​ពោល​ឡើង​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី ព្រោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ!»។ ប៉ុន្តែ នាង​ពុំ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ឬ​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ​ទេ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 4