គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 4:1-6 Khmer Standard Version (KHSV)

1. លោក​សាំយូ‌អែល​ក៏​នាំ​យក​ព្រះ‌បន្ទូល​នេះ ទៅ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ថ្ងៃ​មួយ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន‌ជាតិ​ភីលីស្ទីន។ ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-‌អេ‌ស៊ើរ រីឯ​ពួក​ភីលីស្ទីន​បោះ​ទ័ព​នៅ​អាផេក។

2. ជន‌ជាតិ​ភីលីស្ទីន​តំរៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។

3. ទាហាន​ដែល​នៅ​សេស‌សល់ នាំ​គ្នា​វិល​ត្រឡប់​មក​ទី​តាំង​ទ័ព​វិញ។ ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​យើង​ចាញ់​ពួក​ភីលីស្ទីន​ដូច្នេះ? ចូរ​យើង​ទៅ​ស៊ីឡូ នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​យក​មក​ជា​មួយ​ពួក​យើង ដើម្បី​ឲ្យ​ហិប​នោះ​សង្គ្រោះ​ពួក​យើង​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ»។

4. គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ីឡូ ហើយ​នាំ​យក​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*។ កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អេលី គឺ​ហូបនី និង​ភីនេ‌ហាស មក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ដែរ។

5. ពេល​គេ​នាំ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​មក​ដល់​ទី​តាំង​ទ័ព ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង រហូត​ដល់​ធ្វើ​ឲ្យ​ខ្ទរ​ផែនដី។

6. កាល​ពួក​ភីលីស្ទីន​ឮ​សម្រែក​ជយ‌ឃោស​យ៉ាង​ខ្លាំង​នេះ ក៏​ពោល​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ពួក​ហេប្រឺ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ក្នុង​ជំរំ​ខ្លាំង​ម៉្លេះ?»។ បន្ទាប់​មក ទើប​ពួក​នេះ​យល់​ថា​ហិប​របស់​ព្រះ‌អម្ចាស់​មក​ដល់​ជំរំ​ហើយ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 4