គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 30:22-31 Khmer Standard Version (KHSV)

22. នៅ​ក្នុង​ចំណោម​ទាហាន​របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយ‌ភ័ណ្ឌ​ដែល​ដណ្ដើម​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។

23. ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​យើង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ការពារ​យើង ព្រម​ទាំង​ប្រគល់​ពួក​ចោរ​ដែល​បាន​វាយ​ប្រហារ​យើង មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ដែរ។

24. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បង‌ប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន​ណា អ្នក​នៅ​ចាំ​ឥវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ដូចៗ​គ្នា»។

25. ពាក្យ​លោក​ដាវីឌ​ថ្លែង​នេះ​ជា​ច្បាប់ និង​ជា​វិន័យ​មួយ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​អនុវត្ត​តាម ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​រៀង​មក រហូត​ដល់​សព្វ​ថ្ងៃ។

26. កាល​មក​ដល់​ក្រុង​ស៊ីគ‌ឡាក់​វិញ លោក​ដាវីឌ​បាន​ផ្ញើ​ចំណែក​ជយ‌ភ័ណ្ឌ​ខ្លះ​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ដោយ​ផ្ដាំ​ថា៖ «ជំនូន​ដែល​ខ្ញុំ​ផ្ញើ​មក​ជូន​អស់​លោក​នេះ ជា​ចំណែក​ជយ‌ភ័ណ្ឌ​ដែល​យើង​ដណ្ដើម​បាន​ពី​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់»។

27. លោក​បាន​ផ្ញើ​ជំនូន​ទាំង​នោះ​ទៅ​ជូន​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​បេត‌អែល ព្រឹទ្ធា‌ចារ្យ​នៅ​រ៉ា‌ម៉ូត ក្នុង​តំបន់​ណេកិប ព្រឹទ្ធា‌ចារ្យ​នៅ​យ៉ា‌ទៀរ

28. ព្រឹទ្ធា‌ចារ្យ​នៅ​អា‌រ៉ូអ៊ើរ ព្រឹទ្ធា‌ចារ្យ​នៅ​ស៊ីភ‌ម៉ូត ព្រឹទ្ធា‌ចារ្យ​នៅ​អែល‌ធេម៉ូ

29. ព្រឹទ្ធា‌ចារ្យ​នៅ​រ៉ាកាល ព្រឹទ្ធា‌ចារ្យ​នៅ​ភូមិ​របស់​ពួក​យេរ៉ា‌ម្អែល ព្រឹទ្ធា‌ចារ្យ​នៅ​ភូមិ​របស់​ពួក​កែន

30. ព្រឹទ្ធា‌ចារ្យ​នៅ​ហោម៉ា ព្រឹទ្ធា‌ចារ្យ​នៅ​កោរ-‌អាសាន ព្រឹទ្ធា‌ចារ្យ​នៅ​អាថាក

31. ព្រឹទ្ធា‌ចារ្យ​ហេប្រូន ព្រម​ទាំង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក និង​ទាហាន​របស់​លោក​ធ្លាប់​ឆ្លង​កាត់។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 30