គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 30:15-23 Khmer Standard Version (KHSV)

15. លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។

16. បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ា‌ឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជយ‌ភ័ណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។

17. លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។

18. លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ា‌ឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។

19. លោក​ដាវីឌ​បាន​ដណ្ដើម​យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​លោក​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្ដើម​ជយ‌ភ័ណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។

20. លោក​ដាវីឌ​រឹប​អូស​យក​បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជយ‌ភ័ណ្ឌ​របស់​លោក​ដាវីឌ»។

21. លោក​ដាវីឌ​វិល​មក​ជួប​ទាហាន​ទាំង​ពីរ​រយ​នាក់ ដែល​ហេវ‌ហត់​ខ្លាំង​ពេក មិន​អាច​ទៅ​តាម​លោក ហើយ​ដែល​គេ​បាន​ទុក​ឲ្យ​សម្រាក​នៅ​ក្បែរ​ទឹក​ជ្រោះ​បេ‌សោរ​នោះ។ ពួក​គេ​រត់​មក​ទទួល​លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ផង។ លោក​ដាវីឌ​ចូល​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។

22. នៅ​ក្នុង​ចំណោម​ទាហាន​របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយ‌ភ័ណ្ឌ​ដែល​ដណ្ដើម​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។

23. ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​យើង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ការពារ​យើង ព្រម​ទាំង​ប្រគល់​ពួក​ចោរ​ដែល​បាន​វាយ​ប្រហារ​យើង មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 30