គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 30:10-18 Khmer Standard Version (KHSV)

10. លោក​ដាវីឌ និង​ទាហាន​បួន​រយ​នាក់​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ទុក​ទាហាន​ពីរ​រយ​នាក់​ឲ្យ​នៅ​ខាង​ក្រោយ ព្រោះ​ពួក​គេ​ហេវ‌ហត់​ពេក ពុំ​អាច​ឆ្លង​ទឹក​ជ្រោះ​បេសោរ​នោះ​បាន។

11. ពួក​គេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ នៅ​ឯ​វាល ហើយ​នាំ​មក​ជូន​លោក​ដាវីឌ។ គេ​យក​នំប៉័ង និង​ទឹក​ឲ្យ​គាត់​បរិភោគ

12. ព្រម​ទាំង​ឲ្យ​នំ​ធ្វើ​ពី​ផ្លែ​ឧទុម្ពរ​ក្រៀម និង​ផ្លែ​ទំពាំង‌បាយជូរ​ក្រៀម​ពីរ​កញ្ចប់​មក​គាត់​ដែរ។ ក្រោយ​ពី​បាន​បរិភោគ​រួច​ហើយ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ ដ្បិត​គាត់​អត់​បាយ​អត់​ទឹក​ចំនួន​បី​ថ្ងៃ​បី​យប់​មក​ហើយ។

13. លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន‌ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។

14. កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។

15. លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។

16. បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ា‌ឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជយ‌ភ័ណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។

17. លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។

18. លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ា‌ឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 30