គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 30:1-9 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ា‌ឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កម្ទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល

2. ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

3. កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ

4. លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។

5. ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។

6. ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។

7. លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​ឲ្យ​ខ្ញុំ!»។ លោក​អបៀ‌ថើរ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។

8. លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូលបង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។

9. លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 30