ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 3 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​កុមារ​សាំយូ‌អែល

1. កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់​ជា​មួយ​លោក​អេលី។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​កម្រ​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ណាស់ ហើយ​ក៏​កម្រ​ឲ្យ​នរណា​ម្នាក់​និមិត្ត​ឃើញ​ការ​អស្ចារ្យ​មក​ពី​ព្រះ‌អង្គ​ដែរ។

2. ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក

3. រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី‌សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌ជាម្ចាស់។

4. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល កុមារ​សាំយូ‌អែល​ក៏​ឆ្លើយ «បាទ!»

5. ហើយ​រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​អេលី​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ!»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​វិញ។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត សាំយូ‌អែល​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ! លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ លោក​ឆ្លើយ​ថា៖ «តា​មិន​បាន​ហៅ​ឯង​ទេ ទៅ​ដេក​វិញ​ទៅ កូន​អើយ!»។

7. កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះ‌អង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។

9. លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។

10. ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។

12. នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម​ដល់​ចប់។

13. យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល‌ងាយ​យើង តែ​គាត់​មិន​ស្ដី​បន្ទោស​កូន​ទេ។

14. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក‌លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។

15. កុមារ​សាំយូ‌អែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ កុមារ​សាំយូ‌អែល​មិន​ហ៊ាន​ជម្រាប​លោក​អេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។

16. លោក​អេលី​ហៅ​កុមារ​សាំយូ‌អែល​ថា៖ «កូន​សាំយូ‌អែល​អើយ!»។ សាំយូ‌អែល​ឆ្លើយ «បាទ!»។

17. លោក​សួរ​ថា៖ «តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ‌ពេចន៍​ណា​មួយ​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ សូម​ព្រះ‌អង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។

18. កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​ព្រះ‌បន្ទូល​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់‌លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ!»។

19. សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

20. ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា ប្រជា‌ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាំយូ‌អែល​ពិត​ជា​ព្យាការី​របស់​ព្រះ‌អម្ចាស់​មែន។

21. ព្រះ‌អម្ចាស់​នៅ​តែ​បន្ត​យាង​មក​ស៊ីឡូ។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​សម្តែង​ឲ្យ​លោក​សាំយូ‌អែល​ស្គាល់ តាម​រយៈ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។