គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 28:4-19 Khmer Standard Version (KHSV)

4. ថ្ងៃ​មួយ ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ព្រះ‌បាទ​សូល​ក៏​ប្រមូល​កង‌ពល​អ៊ីស្រា‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។

5. កាល​ព្រះ‌បាទ​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។

6. ព្រះ‌បាទ​សូល​ទូល​សួរ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្ដិ ការ​ផ្សង​យូរីម* ឬ​តាម​រយៈ​ព្យាការី​ក្ដី។

7. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បម្រើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេន-‌ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។

8. ព្រះ‌បាទ​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជា‌ជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។

9. ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌បាទ​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។

10. ព្រះ‌បាទ​សូល​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា «នាង​មិន​ទទួល​ទោស​អ្វី​ក្នុង​រឿង​នោះ​ឡើយ»។

11. ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា?»។ ស្ដេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​លោក​សាំយូ‌អែល​ឲ្យ​ខ្ញុំ!»។

12. ពេល​ស្ត្រី​នោះ​ឃើញ​លោក​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះ‌ករុណា​ជា​ព្រះ‌បាទ​សូល​ទេ​តើ!»។

13. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។

14. ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់‌ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះ‌បាទ​សូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាំយូ‌អែល ស្ដេច​ក៏​ក្រាប​ចុះ អោន​ព្រះ‌ភ័ក្ត្រ​ដល់​ដី។

15. លោក​សាំយូ‌អែល​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ​ឡើង​មក​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ‌ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះ‌ជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះ‌អង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។

16. លោក​សាំយូ‌អែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះ‌អម្ចាស់​បាន​បោះ​បង់​ព្រះ‌ករុណា​ចោល ហើយ​ព្រះ‌អង្គ​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា។

17. ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា ស្រប​តាម​ព្រះ‌បន្ទូល ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះ‌អង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះ‌ករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ

18. ដ្បិត​ព្រះ‌ករុណា​ពុំ​បាន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ គឺ​ព្រះ‌ករុណា​ពុំ​បាន​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ។

19. ព្រះ‌អម្ចាស់​នឹង​ប្រគល់​ព្រះ‌ករុណា ព្រម​ទាំង​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះ‌ករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។

សូមអានជំពូកពេញលេញ ១ សាំយូ‌អែល 28